(ភ្នំពេញ)៖ សម្រាប់កីឡាករខ្សែប្រយុទ្ធ ឃួន ឡាបូរ៉ាវី បាននិយាយថា រូបគេកំពុងហ្វឹកហាត់ថែរក្សាសមត្ថភាពរបស់ខ្លួនឲ្យនៅស្ថិតស្ថិរ ដើម្បីមានឱកាសជួយក្លឹបបឹងកេតអែហ្វស៊ី ក្នុងការប្រកួតនានានៅរដូវកាលថ្មីឆ្នាំ២០១៩ ខាងមុខ ក្រោយស្ងប់ស្ងាត់ឈ្មោះមួយរយៈធំកន្លងមក។

ឃួន ឡាប៊ូរ៉ាវី បានឈ្នះស្បែកជើងមាស២លើកជាប់គ្នានៅពេលលេងឲ្យក្លឹបព្រះខ័នរាជស្វាយរៀងឆ្នាំ២០១១ ដោយរកបាន២២គ្រាប់ និងឆ្នាំ២០១២ រកបាន២២គ្រាប់ទៀត ព្រមទាំងឈ្នះ២ដងទៀតនៅពេលលេងនៅក្លឹបបឹងកេត គឺឆ្នាំ២០១៤ រកបាន១២គ្រាប់ និងឆ្នាំ២០១៧ រកបាន១៦គ្រាប់ ធ្វើឲ្យរូបគេបានក្លាយជាកីឡាករដែលឈ្នះស្បែកជើងមាសច្រើនជាងគេបំផុតក្នុងពានរង្វាន់ Hun Sen Cup  ដូច្នេះពិបាកនឹងរកកីឡាករណាផ្សេងទៀតបំបែកកំណត់ត្រានេះណាស់។

គួរបញ្ជាក់ផងដែរថា អតីតខ្សែប្រយុទ្ធក្លឹបព្រះខ័នរាជស្វាយរៀង បានបង្ហើបថា មានភ្នាក់ងារទាក់ទងទៅកាន់ក្លឹបក្រៅប្រទេសដែរនាពេលចុងក្រោយនេះ តែគេនៅតែចង់លេងឲ្យបឹងកេត ព្រោះអាចនៅក្បែរគ្រួសារ។

ម្ចាស់ស្បែកជើងមាសពានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ៤សម័យ បានពន្យល់ទៀតថា «និយាយទៅ ពេលចូលលេងវិញ ខ្ញុំផ្ដោតលើការជួយបឹងកេតជាមុនសិន ហើយកៅអីជម្រើសជាតិហ្នឹង វាអាស្រ័យលើគ្រូជាអ្នកមើលឃើញទេ បើគេមើលឃើញថាយើងជួយក្លឹបបានល្អ ហើយគេរើស យើងនៅតែចូលរួម តែបើមិនជាប់ ក៏យើងនៅតែប្រឹងសម្រាប់ក្លឹបយើងដដែល»

សូមបញ្ជាក់ផងដែរថា អ្នកគាំទ្រមួយចំនួនដែលចង់ឲ្យរូបគេវិលចូលក្រុមជម្រើសជាតិសាជាថ្មីបំពេញចន្លោះប្រយុទ្ធ ហើយគេបានបញ្ជាក់ទៀតថា ជាការសម្រេចចិត្តរបស់គ្រូបង្វឹកតែប៉ុណ្ណោះ តែអ្វីសំខាន់នោះ គឺផ្ដោតលើក្លឹបបឹងកេតជាមុនសិន៕