(ភ្នំពេញ)៖​ កញ្ញា ពេជ្រ ចរណៃ  ក្រោយពេលវះកាត់ព្យាបាលជំងឺបេះដូង បានជាសះស្បើយមួយរយភាគរយ ដោយមានការជួយសង្គ្រោះ ជីវិតពីអតីតតារាជើងចាស់ លោក ខៃ ប្រសិទ្ធ។ ជាការកត់សម្គាល់ថ្មីៗនេះ នាងក្ដោបបានឱកាសសិល្បៈ គឺត្រូវបានផលិតករទាក់ទងឲ្យសម្ដែង ជាតួឯកពីររឿងជាប់ៗគ្នាតែម្ដង ដែលធ្វើឲ្យនាងមានទឹកមាត់លេបឡើងវិញ នៅចុងឆ្នាំ២០១៨នេះ។

ទន្ទឹមគ្នាដែលឱកាសទីផ្សារ សម្តែងកាន់តែមានភាពលេចធ្លោ លើទីផ្សារសិល្បៈនេះដែរ ស្រីស្រស់ ​ពេជ្រ ចរណៃ ក៏បានប្រែក្លាយ និងវិវឌ្ឍន៍ខ្លួនជ្រាត ចូលវិស័យសិល្បៈ ខ្លាំងជាងពេលមុនៗ ពីសមត្ថភាពនិងទេពកោសល្យសម្តែងបានល្អផងនោះ នាងក៏ត្រូវបាន​ម្ចាស់ផលិតកម្ម ក្នុងស្រុកមួយចំនួន ផ្តល់ឱកាសការងារសម្តែង ជាបន្តបន្ទាប់។

ជាក់ស្តែងបើតាមការបង្ហើប ឲ្យដឹងពីសាមីខ្លួនតារាស្រីកញ្ញា ពេជ្រ ចរណៃ បាននិយាយថា ថ្មីៗនេះ នាងទើបតែទទួលបានការចុងកុងត្រា (កិច្ចសន្យា) ថតភាពយន្តចំនួន៣រឿងផ្សេងគ្នា ដោយក្នុងនោះមាន២រឿង នាងទទួលបានតំណែងសម្តែងជាតួឯក។ រីឯមួយរឿងទៀតតួធំ បន្ទាប់ពីតួឯក ខណៈដែលរឿងនេះ ជាភាពយន្តខ្នាតធំផងនោះ។

កញ្ញា ពេជ្រ ចរណៃ បានលើកឡើងថា «រាល់ថ្ងៃនេះក្រៅតែពីរវល់លើអាជីពសិល្បៈនាងក៏មមាញឹកផងដែរ តាមរយៈសកម្មភាពមនុស្សធម៌ជួយសង្គម ដូចជា កុមារកំព្រា ចាស់ជរា និងប្រជាពលរដ្ឋ ជួបការខ្វះខាត។​ នាងក៏បានសន្យាថា នឹងបន្តការងារមនុស្សធម៌នេះ ​ឲ្យបានកាន់តែច្រើន ទោះបីជាការងារសិល្បៈរវល់ខ្លាំង ​យ៉ាងណាក្តី ព្រោះថា កន្លងមកនាង​ធ្លាប់ឆ្លងកាត់ជីវិត ជួបភាពលំបាក និងធ្លាប់ជាកូនកំព្រាផងដែរ»

បន្ថែមពីលើនេះ តារាសម្តែងដែលទទួលបានការគាំទ្រ និង​លើកសរសើរពីទស្សនិកជន ​​តាមរយៈសកម្មភាពមនុស្សធម៌កញ្ញា ពេជ្រ ចរណៃ បានបញ្ជាក់ថា អ្វីៗដែលនាងមាន​រហូតមកដល់ថ្ងៃនេះ គឺបានមកពីការគាំទ្រពីទស្សនិកជនខ្មែរ ដូច្នេះនាងក៏អរគុណរាល់ការគាំទ្រ លើសពីនេះនាងក៏បង្ហាញការដឹងគុណ ចំពោះអ្នកមានគុណទី២ ដែលជួយសង្គ្រោះជីវិត​ គឺអតីតតារាសម្តែងប្រុស លោក ខៃ ប្រសិទ្ធ៕