(ភ្នំពេញ)៖ ទោះបីជាដំណឹងបែកបាក់ នៃគូស្នេហ៍រៀបមង្គលការពេញច្បាប់ របស់តារាសម្ដែងដ៏ល្បី គឺអ្នកនាង សុខ សោម៉ាវត្តី និងលោក ទូច ដាណារ៉ា ហៅពេជ្រ ដែលត្រូវជាកូនប្រុសលោក ទូច ណារុថ ត្រូវបានបែកធ្លាយខ្ចខ្ចាយ មិនអាចលាក់បាំងជិត ពីក្រសែភ្នែកមហាជន ក៏ពិតមែន ប៉ុន្តែអ្នកទាំងពីរត្រូវបានគេដឹងថា នៅតែមានទំនាក់ទំនងគ្នាធម្មតា ទោះជាពួកគេមិនបានរស់នៅ ក្រោមដំបូលផ្ទះតែមួយ ដូចមុនក្ដី។ អ្វីដែលជាការចាប់អារម្មណ៍ ខណៈដែលថ្មីៗនេះ បានលេចចំហាយព័ត៌មានមកថា អតីតប្ដីរបស់ សុខ សោម៉ាវត្តី មិនសូវសប្បាយចិត្តឡើយ ពេលឃើញ សុខ សោម៉ាវត្តី មានទំនាក់ទំនងយ៉ាងស្និទ្ធស្នាល ជាមួយនឹងលោក លី វ៉ាហេទ។
ជាការពិត បន្ទាប់ពីមានដំណឹងថា សុខ សោម៉ាវត្តី បានបង្ហាញភាពស្និទស្នាលខ្លាំង ជាមួយនឹងលោក លី វ៉ាហេទ ហើយនោះ បានធ្វើឲ្យអតីតប្តីរបស់នាង លោក ទូច ដាណារ៉ា ហៅពេជ្រ ដែលពេលនេះ ជាស្នងការរងខេត្តរតនគិរីនោះ មិនពេញចិត្តអតីតភរិយារបស់ខ្លួន ទាក់ទងជាមួយខ្សែការពារក្លឹបបឹងកេត វ៉ាហេទ នោះទេ បើទោះបីជាពេលនេះអ្នកទាំងពីរមិនបានរស់នៅជាមួយគ្នាក្ដី។
ពិធីការិនីទូរទស្សន៍បាយ័ន សុខ សោម៉ាវត្តី បានបង្ហើបឲ្យដឹងថា អតីតស្វាមីរបស់នាង មិនដែលសួរនាំរឿងស្និទ្ធជាមួយលោក វ៉ាហេទ នោះទេ ព្រោះតែនាងបានប្រាប់ថា រវាងនាង និងលោកវ៉ាហេទ គឺគ្រាន់តែជាពួកម៉ាកគ្នាប៉ុណ្ណោះ។ ចំណែកអតីតប្តីរបស់នាង រហូតមកដល់ពេលនេះ គឺនាងបានរាប់អានគ្នាធម្មតាទេ។ លោក (អតីតប្ដី) តែតែងមកយកនាង និងកូន ទៅញ៉ាំអីជុំគ្នាម្ដងម្កាល ហើយបានរាប់អានគ្នាធម្មតា ពោលគឺមិនមែនជាគូបដិបក្ខនោះទេ។
ទោះបីជាមានការបញ្ជាក់ខ្លះៗ ពីសាមីខ្លួន សុខ សោម៉ាវត្តី ក៏ពិតមែន ប៉ុន្តែប្រភពព័ត៌មានដែលទម្លាយចេញ បានអះអាងថា អតីតស្វាមីរបស់នាង នៅតែមានទំនាក់ទំនង ជាមួយអតីតប្រពន្ធជាធម្មតា ដូច្នេះការដែលមានអ្នកថ្មីមកស្និទ្ធស្នាល កៀកកើយហាក់មិនមែន ជាមិត្តភាពធម្មតាៗបែបនេះ ក៏អាចធ្វើឲ្យប៉ះពាល់អារម្មណ៍ លោក ទូច ដាណារ៉ា ខ្លះៗដែរ ព្រោះប្រពន្ធធ្លាប់ឱបជាប់ នៅនឹងដើមទ្រូង ហើយមិនទាន់ដាច់ស្រេចនឹងគ្នាផង ហេតុអ្វីចាំបាច់ទៅស្អិតល្មួត ជាមួយអ្នកផ្សេងទៅវិញ?
សូមបញ្ជាក់ថា អ្នកមេម៉ាយកូនមួយ សុខ សោម៉ាវត្តី ដែលប្រកាសផ្អាកសម្តែងភាពយន្ត រយៈពេលពេញមួយឆ្នាំ ២០១៨ នេះ ព្រោះខ្លាចគេធុញមុខនោះ ទីបំផុតនាង នៅតែលេចមុខមកវិញ តាមរយៈរឿង «កែវវេទមន្ត» របស់ផលិតកម្ម Rock និងរឿង «កូនក្រក» របស់ LD Picture។ ថ្វីត្បិតតែមិនបានគ្រងតំណែងជាតួឯកក្តី តែនាង គឺជាតួអង្គសំខាន់ម្នាក់ក្នុងភាពយន្តមួយនេះ៕