(បាសេឡូណា)៖ ក្រុមអ្នកមានបុណ្យ FC Barcelona បានបាត់បង់ ៣ពិន្ទុក្នុងទឹកដីជាលើកដំបូង ក្នុងរយៈពេល ២ឆ្នាំចុងក្រោយ ដោយបានចាញ់ក្រុមភ្ញៀវ Real Betis ៣-៤ ក្នុងជំនួបក្របខណ្ឌ La Liga ប្រចាំសប្តាហ៍ទី១២ ដែលការប្រកួតធ្វើឡើងនៅកីឡដ្ឋាន Nou Camp នារាត្រីថ្ងៃអាទិត្យ ទី១១ ខែវិច្ឆិកា ឆ្នាំ២០១៨។

Betis រកបាន ៤គ្រាប់ដោយកីឡាករ ៤រូបរួមមាន Junior Firpo រកបានគ្រាប់នាំមុខនៅនាទីទី២០ មុនពេលកីឡាករជើងចាស់ Joaquin រកបាននៅនាទីទី៣៤ និងកីឡាករ Giovani lo Celso រកបាន១គ្រាប់ទៀតនៅនាទីទី៧១ ហើយមិត្តរួមក្រុមកីឡាករ Sergio Canales រកបាន១គ្រាប់ជ័យជម្នះនៅនាទីទី៨៣ ខណៈ Barcelona រកបាន ៣គ្រាប់ដោយកីឡាករ Lionel Messi ស៊ុតបាន ២គ្រាប់នៅនាទីទី៦៨ និងនាទីទី៩០ គ្រាដែលខ្សែបម្រើ Arturo Vidal រកបាន១គ្រាប់នៅនាទីទី៧៩។

Barcelona ស្ថិតក្រោមការដឹកនាំរបស់លោក Ernesto Valverde ក៏នៅតែស្ថិតនៅលើកំពូលតារាង La Liga ដដែល ក្នុងសប្តាហ៍ទី១២ ដែលមាន ២៤ពិន្ទុដោយនាំមុខក្លឹប Atletico Madrid និង Alaves៕