(ភ្នំពេញ)៖ កម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោក «The Voice Kids Cambodia» រដូវកាលទី២ បានឈានចូលមកដល់វគ្គផ្ដាច់ព្រ័ត្រ កាលពីថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ ២០១៨ យប់មិញនេះ ហើយទីបំផុតគេក៏បានប្រកាសលទ្ធផលជាផ្លូវការ ចំពោះបេក្ខភាពដែលអាចឈរជើងឯក ម្ចាស់ជយលាភី នៅក្នុងកម្មវិធីនេះ គឺបានទៅលើក្មេងប្រុស ទេព ពិសិដ្ឋ  ដែលជាកូនក្រុម របស់តារាចម្រៀង ឱក សុគន្ធកញ្ញា។ នៅក្នុងនោះ ក៏មានការចូលរួមប្រគល់ពានរង្វាន់ ពីសំណាក់ រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញ៉ារីទ្ធ ផងដែរ។

ជាការពិតណាស់ ក្មេងប្រុស ទេព ពិសិដ្ឋ ត្រូវបានគេស្គាល់ថា បានជាប់ឈ្មោះជាតារាចម្រៀងមួយរូប រួចទៅហើយ តាំងពីមុនប្រឡង ក្នុងកម្មវិធី The Voice Kids Cambodia មកម្ល៉េះ ប៉ុន្តែគ្រាន់តែមិនមែនជាតារាកុងត្រា ប្រចាំឲ្យផលិតកម្មណាមួយ។  យ៉ាងណាមិញ បន្ទាប់ពីក្លាយជាម្ចាស់ជយលាភីប្រចាំកម្មវិធីលំដាប់ថ្នាក់ពិភពលោកហើយនោះ ក្មេងប្រុស ទេព ពិសិដ្ឋ នឹងក្លាយជាតារាចម្រៀងកុងត្រាប្រចាំផលិតកម្មហង្សមាស ដោយបន្ទាប់ពីម្ចាស់ជ័យលាភី ក្មេងប្រុសរូបនេះ ក៏បានទទួលទឹកប្រាក់ ១០០ លានរៀល និង ទទួលបានអាហារូបករណ៍ នៅសាលាអន្ដរជាតិដ៏ធំមួយ ព្រមទាំងរង្វាន់ជាច្រើនទៀត។

គួរជម្រាបថា នេះគឺជារដូវកាលទី២ ហើយ ដែលកម្មវិធីលំដាប់ថ្នាក់ពិភពលោក The Voice Kids Cambodia មានវត្តមាននៅក្នុងប្រទេសកម្ពុជា ខណៈកាលពីរដូវកាលទី ១ ម្ចាស់ជយលាភី បានទៅលើ តារាចម្រៀង ពេជ្រ ថៃ ដែលបច្ចុប្បន្ន បាននឹងកំពុងតែច្រៀង និង ជាប់កុងត្រា ធ្វើជាតារាចម្រៀង ប្រចាំផលិតកម្មហង្សមាស៕