(មេនឆេស្ទើ)៖ កីឡាករខ្សែប្រយុទ្ធជួរមុខ Raheem Sterling នឹងទទួលបានថ្លៃនឿយហត់ចំនួន ៣៩ម៉ឹនដុល្លារក្នុង ១សប្តាហ៍ការបន្តកិច្ចសន្យារយៈពេល ៣ឆ្នាំទៀតជាមួយក្លឹបមេឃខៀវ Manchester City ដែលនឹងអស់សុពលភាពដល់ឆ្នាំ២០២៣ខាងមុខ។

តាមរយៈសារព័ត៌មាន BBC បានចេញផ្សាយថា កិច្ចសន្យាចាស់របស់កីឡាករក្នុងក្រុមជម្រើសជាតិអង់គ្លេស Sterling នឹងអស់សុពភាពនារដូវកាលក្រោយ ពោលគឺក្នុងឆ្នាំ២០២០ លើកិច្ចសន្យារយៈពេល ៥ឆ្នាំរបស់ចាប់ពីបានផ្ទេរពីក្លឹប ហង្សក្រហម Liverpool មកកាន់ Man City កាលឆ្នាំ២០១៥ ក្រោមតម្លៃខ្លួន ៦៤លានដុល្លារអាមេរិក។

កិច្ចសន្យាថ្មីនេះដែរ ក៏ធ្វើឲ្យកីឡាករវ័យ ២៣ឆ្នាំខាងលើ ទទួលបានតម្លៃពលកម្មច្រើនជាងគេផងដែរ ក្នុងចំណោមកីឡាករដែលលេងនៅលីគកំពូលអង់គ្លេស Premier League ជាមួយនឹងការរកគ្រាប់ស៊ុតបញ្ចូលទីបាន ៧គ្រាប់នៅរដូវកាលនេះ ដែលបានជួយឲ្យ Man City ឈ្នះជើងឯក Premier League និងពានលំដាប់ទី៣អង់គ្លេស League Cup ផងដែរ។

Raheem Sterling ក៏ជាកីឡាករសំខាន់មួយរូបក្នុងក្រុមជម្រើសជាតិតោកំណាចអង់គ្លេសផងដែរ ដោយបានចូលលេង ចំនួន ៤៦ប្រកួត និងស៊ុតបញ្ចូលទីបាន ២គ្រាប់ផងដែរ ពេលអង់គ្លេសប្រកួតទល់នឹងអេស្ប៉ាញកាលពីខែមុន ដែលជាគ្រាប់បាល់លើកដំបូងក្នុងរយៈពេល ៣ឆ្នាំ៕