(ភ្នំពេញ)៖ បន្ទាប់ពីការងារសិល្បៈ ទទួលបានជោគជ័យ យ៉ាងត្រចះត្រចង់រួចមក គេសង្កេតឃើញ លោក ព្រាប សុវត្ថិ បានបោះទុនបន្តពង្រីក នូវមុខជំនួញរបស់ខ្លួន ជាបន្តបន្ទាប់ ក្នុងនោះមានដូចជា ហាងកាត់សក់, កាត់ដេរ ​ហាងលក់ទឹកផ្លែឈើស្រស់ នៅមុខផ្ទះវីឡាម្ដុំទូលគោក និងការបោះទុនរាប់លានដុល្លារ លើវិស័យអចលនទ្រព្យ (ពុះដីឡូតិ៍លក់) នៅម្តុំភ្នំរាប។ ដោយឡែកថ្មីៗនេះ ​ព្រាប សុវត្ថិ បានបន្តជំនួញថ្មីមួយទៀតហើយ គឺការត្រៀមបើកសម្ពោធហាងបាយ និង​លក់កាហ្វេ នៅម្តុំវត្តសំរោងអណ្តែត ដែលជាអាជីវកម្មបន្ថែម ក្នុងចំណោមរបររកស៊ីជាច្រើន របស់លោកមានសព្វថ្ងៃ។

គេនៅចាំបានថា នេះមិនមែនជាលើកទី១ឡើយ ដែលព្រាប សុវត្ថិ បានបើកហាងលក់បាយនោះ ព្រោះកាលពីប៉ុន្មានឆ្នាំមុន  ក៏ធ្លាប់បើកហាងលក់បាយ នៅតាមបណ្តោយផ្លូវប៉ាស្ទ័រដែរ (ផ្លូវ៥១) ដោយដាក់ឈ្មោះថា «ស្លឹកចាក»។ ប៉ុន្តែ​ហាងនោះត្រូវបានលោក ព្រាប សុវត្ថិ លក់ទៅឲ្យពិធីការិនី CTN គឺអ្នកនាង យុគ ចិន្តា ជាអ្នកគ្រប់គ្រងវិញ ដោយអ្នកនាង យុគ ចិន្តា បានប្តូរហាងនោះទៅជាឈ្មោះ «ស្លឹកឈូក» នឹងបន្តដំណើរការរហូតមកដល់ពេលនេះ។

ការបោះទុនរកស៊ីនូវមុខជំនួញថ្មីនេះ ត្រូវបានលោក ព្រាប  សុវត្ថិ បង្ហើបឲ្យដឹងថា ដោយសារលោកមានដីនៅទីនោះ​នៅទំនេរ មិនដឹងធ្វើអី ក៏បើកហាងបាយ កាហ្វេ តែម្តងទៅ។ តារាដែលមិនទាន់មានអ្នកចម្រៀងណា អាចផ្តួលបានរូបនេះ ​បន្តថា ហាងរបស់លោក នឹងសាងសង់រួចរាល់អស់ ដោយដំណើរការ នៅចុងឆ្នាំ២០១៨ ខាងមុខនេះហើយ។

តារាចម្រៀងលោក ព្រាប សុវត្ថិ ​ត្រូវបានគេមើលឃើញថា លោកមានទ្រព្យច្រើនលានដុល្លារ ក្នុងនោះ​មានដីធ្លីជាច្រើនកន្លែង នៅក្បែរវត្តសំរោងអណ្តែត និងនៅខេត្តរតនគិរី ផងដែរ។ ប៉ុន្តែ ព្រាប សុវត្ថិ មិនដែលអួតអាងថា លោកជាអ្នកមានម្នាក់ ក្នុងចំណោមសិល្បករដទៃទៀត ដែលត្រូវបានមហាជនវាយតម្លៃថា ជាអ្នកមានទ្រព្យច្រើន ​ដោយកន្លងមក ព្រាប សុវត្ថិ ថែមទាំងមិនចង់ឲ្យអ្នកកាសែតថតរថយន្ត និងផ្ទះរបស់លោកចុះផ្សាយឡើយ ព្រោះខ្លាចគេថា លោកអួត។

ទោះជាយ៉ាងណា គេនៅតែចាត់ទុកថា ព្រាប សុវត្ថិ មានលុយមិនចាញ់ឧកញ៉ាមួយចំនួនឡើយ ដែលភាគច្រើន ទ្រព្យទាំងនោះបានមកពីអាជីពសិល្បៈ ដែលលោកត្រូវប៉ាន់ ជាង២០ឆ្នាំមកហើយ និងបានទិញដីធ្លីអំឡុងពេលនៅថោកៗ ហើយពេលនេះឡើងថ្លៃ ទើបធ្វើឲ្យលោក ស្ទើរតែក្លាយជាសេដ្ឋីទៅហើយ៕