(បាសេឡូណា)៖ ក្លឹបអ្នកមានបុណ្យ FC Barcelona អាចនឹងត្រូវប្រកួតជាមួយក្លឹប Atletico Madrid និងក្លឹប Real Betis ក្នុងក្របខណ្ឌ La Liga ដោយមិនមានវត្តមានកីឡាករ Philippe Coutinho ដោយរងរបួសសរសៃពួរសាច់ដុំភ្លៅ អាចប្រឈមមុខនឹងការសម្រាក ៣សប្ដាហ៍ កីឡាករជម្រើសជាតិប្រេស៊ីលរូបនេះបានរងរបួសក្នុងការប្រកួត Champions League រដូវកាលឆ្នាំ២០១៨-២០១៩។

កីឡាករវ័យក្មេងក្នុងក្រុមជម្រើសជាតិប្រេស៊ីល Coutinho បានរងរបួសសាច់ដុំភ្លៅ ក្នុងប្រកួត Barcelona លេងបាន ត្រឹមស្មើក្រុមម្ចាស់ផ្ទះអ៊ីតាលី Inter Milan ១-១ កាលពីរាត្រីថ្ងៃពុធ ទី៧ ខែវិច្ឆិកា ឆ្នាំ២០១៨ ក្នុងវគ្គសន្សំពិន្ទុនៃ UEFA Champions League។

យោងតាមសេចក្ដីថ្លែងការណ៍មួយរបស់ Barcelona បានឲ្យដឹងថា លទ្ធផលពិនិត្យសុខភាពបានបញ្ជាក់ថា កីឡាករ Coutinho ពិតជាមានរបួសរហែកសាច់ដុំភ្លៅខាងឆ្វេង ផ្នែកខាងក្រោយពិតមែន ហើយកីឡាកររូបនេះនឹងត្រូវសម្រាកព្យាបាលរបួសប្រហែល ២ទៅ៣សប្ដាហ៍។ Coutinho មិនអាចចូលលេងបាន ក្នុងការប្រកួតមិត្តភាពរវាងក្រុមជម្រើសជាតិប្រេស៊ីល ប៉ះក្រុមអ៊ុយរូហ្កាយនៅថ្ងៃទី១៧ និងប៉ះក្រុមកាមេរូន នៅថ្ងៃទី២១ ខែវច្ឆិកាខាងមុខ។

Coutinho បានក្លាយជាកីឡាករដ៏មានឥទ្ធិពលនៅក្លឹប Barcelona បន្ទាប់ពីផ្ទេរពីក្លឹបអង់គ្លេស Liverpool កាលខែមករា ដោយបច្ចុប្បន្នរូបគេរកបានគ្រាប់ ៥គ្រាប់ក្នុងរដូវកាលនេះ ក្រោយលេងបាន ១១ប្រកួត ជួយ Barcelona ឈរនៅកំពូលតារាងមាន ២៤ពិន្ទុនៃ La Liga៕