(ភ្នំពេញ)៖ ក្រោយចប់ការប្រកួត រវាងក្រុមជម្រើសជាតិកម្ពុជា និងម៉ាឡេស៊ីយប់មិញ គេឃើញអ្នកគាំទ្រមួយចំនួនបាននាំគ្នាធ្វើការរិះគន់ទៅលើខ្សែប្រយុទ្ធកម្ពុជាម្នាក់ គឺកីឡាករ រ៉ឹង  ប៊ុនហៀង ក្នុងនោះសូម្បីអតីតតារាចម្រៀងលោក មួន ម៉ារ៉ា ក៏បានបង្ហោះសាររិះគន់រហូតបបួលកីឡាករមកពីក្លឹបក្រសួងការពារជាតិ (ទ័ព) រូបនេះ ទៅលេងជាមួយក្រុមបាយបានរបស់ខ្លួន ដែលបង្កឲ្យក្ដៅស្លឹកត្រចៀកដល់ថ្នាក់ដឹកនាំក្លឹបក្រសួងការពារជាតិ និងផ្ទុះប្រតិកម្មឆ្លើយឆ្លងផ្អើលបណ្ដាញសង្គមតែម្ដង។

ដោយបានចូលរួមទស្សនាផ្ទាល់ការប្រកួតបើកឆាកពាន AFF Suzuki Cup 2018 យប់មិញលោក មួន ម៉ារ៉ា បានសរសេរបង្ហោះថា «សុំទោសដែលខ្ញុំតែងតែក្រេវក្រោធ និងស្រែកលឺៗពេលមើលបាល់ទាត់ជម្រើសជាតិម្តងៗ ព្រោះមិនចង់ដាច់សរសៃឈាម! កុំប្រកាន់អីសុំនិយាយត្រង់ ប្អូនលេខ១៤ ឈ្មោះ ប៊ុនហៀង បើប្អូនទំនេរមកលេងបាយបានជាមួយក្រុមវ័ចាស់បងវិញសប្បាយជាង និងមានឱកាសរកគ្រាប់បានច្រើន ព្រោះពួកបងក៏ទាត់បាល់ខុស និងទប់ខូចៗដូចប្អូនដែរ ហើយរត់ឆ្លេឆ្លាប្រហែលគ្នា។ គាំទ្រជានិច្ចបាល់ជម្រើសជាតិយើងដែលទទួលបាននូវបទពិសោធន៍ថ្មីបន្ថែមរហូត»

បន្ទាប់មកគេឃើញលោក ភា សុភ័ក្ដ្រា គ្រូបង្វឹកទ័ព បាន Share និងសរសេរឆ្លើយតបថា «ចាំពេលមកហាត់ជាមួយខ្ញុំវិញខ្ញុំលត់គាត់អោយ ហើយកែតំរូវគាត់ កុំអោយខូចបាល់មុខទីខ្លួនឯងច្រើន ចុះយកបាល់មុខទីខ្លួនច្រើន ហើយដេញយកបាល់ពេលខូច ទុកកំលាំងស៊ុតទីអោយចូល បើលោកមិនពេញចិត្តទៀត ចាំខ្ញុំដេញគាត់ចេញពីក្លឹបទៀត ព្រោះដើម្បីអោយគាត់បានទៅចូលរួមជាមួយក្រុមបាយបានរបស់លោក»។ តែ ៤ម៉ោងក្រោយមក គេឃើញលោក មួន ម៉ារ៉ា តបទៅវិញ «សុំសរសើរគាត់ជួយការពារបាល់ សុំសរសើរលោកគ្រូ ជួយការពារគាត់! គ្រូល្អ សូមជួយណែនាំផង នេះជាហេតុផលខ្ញុំ ថេក ឱ្យលោកគ្រូតែម្នាក់គត់! តែខ្ញុំនៅតែគាំទ្របាល់ទាត់កម្ពុជា សង្ឃឹមថាប្រកួតក្រោយ យើងធ្វើបានល្អជាងនេះគ្រប់កីឡាករទាំងអស់»

មិនតែប៉ុណ្ណោះ ក្រោយឃើញសាររិះគន់ពីអតីតតារាចម្រៀងលោក មួន ម៉ារ៉ា អគ្គលេខាធិការក្លឹបក្រសួងការពារជាតិ លោក ខូវ ឆាយ ក៏បានឆ្លើយតប និងចោទជាសំណួរមួយចំនួនផងដែរ។ លោកថា «បងក៏ជាអ្នកលេងបាល់ដែរ បងគួរតែយល់ពីបាល់ទាត់។ ខ្ញុំសូមសួរបង ២សំនួរ ១-តើបងខ្លួនឯង និង Ronaldo រឺ Messi លេងបាល់រាល់ប្រកួតមានថ្ងៃលេងមិនល្អទេ? ២-តើបងធ្លាប់មើលប៊ុនហៀងលេងលីគទេ? គាត់មិនមែនលេងអន់ ហើយគេអោយជាប់ជម្រើសជាតិទេ។ បងរិះគន់គឺមិនមានកំហុសទេ តែពាក្យរិះគន់ដែលមានលក្ខណៈតិះដៀលអាចបំបាក់ទឹកចិត្តកីឡាករ ដែលមានភារកិច្ច ៣ប្រកួតទៀត។ បើខ្ញុំជា ប៊ុនហៀង ខ្ញុំប្រហែលសុំមកផ្ទះវិញហើយ ជាប់ជម្រើសដូចមិនបានលុយអីផង ហាត់ ១ដង ១៥$ មិនស្មើលោកបងអោយធីបស្រីផង ហើយគេជេរទៀត លេងអោយជម្រើសជាតិតែបើកប្រាក់ខែក្លឹបទេលោកបង»

ប៉ុន្ដែក្រោយលេចវត្តមានថ្នាក់ដឹកនាំក្លឹបជើងឯកពានសម្ដេចតេជោ ហ៊ុន សែន ឆ្លើយតបនឹងការរិះគន់ខាងលើ គេមិនឃើញលោក មួន ម៉ារ៉ា ឆ្លើយតបអ្វីនោះទេ។ តែបើក្រឡេកទៅមានអ្នកគាំទ្រលើបណ្ដាញសង្គមវិញ មានអ្នកខ្លះ ក៏បានសម្ដែងការគាំទ្រការលើកឡើងរបស់លោក មួន ម៉ារ៉ា ហើយអ្នកខ្លះ ក៏សម្ដែងការគាំទ្រមកលើថ្នាក់ដឹកនាំ និងគ្រូបង្វឹកទ័ព ព្រោះពួកគេយល់ឃើញថា រ៉ឹង ប៊ុនហៀង ពិតជាធ្វើបានល្អសម្រាប់ការជួយក្លឹប និងក្រុមជម្រើសជាតិនាពេលកន្លងមក ទោះបីយប់មិញ ប៊ុនហៀង មិនអាចបញ្ចប់ទីឲ្យក្រុមគោព្រៃកម្ពុជាក៏ដោយ។

គួរបញ្ជាក់ថា ក្រុមជម្រើសជាតិកម្ពុជា បរាជ័យក្រោមថ្វីជើងម៉ាឡេស៊ី ១-០ ក្នុងជំនួបបើកឆាកពូល A នៃពាន AFF Suzuki Cup 2018 កាលពីយប់មិញ។ ប៉ុន្ដែកម្ពុជា នៅសល់ ៣ប្រកួតក្នុងដៃទៀត ដោយត្រូវជួបមីយ៉ាន់ម៉ា ក្រៅដីនាថ្ងៃទី១២ ខែវិច្ឆិកា មុនជួបឡាវ លើទឹកដីខ្លួន នាថ្ងៃទី២០ ខែវិច្ឆិកា និងប្រកួតចុងក្រោយ ប៉ះក្រុមម្ចាស់ផ្ទះវៀតណាម នាថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៨ខាងមុខ៕