(ភ្នំពេញ)៖ តារាសម្ដែងស្រីនិយមលេងខ្លួនសិចស៊ី សួង សាខារ៉ានីត បានបង្ហាញអោយដឹងពីអារម្មណ៍ភ័យរន្ធត់ ពេលថត ត្រង់ឈុតឆាកចោរមកវះយកកូនពីផ្ទៃរបស់នាង ទាំងពុំទាន់គ្រប់ខែ ពោលគឺទើបតែបាន៤ទៅ៥ខែ ដើម្បីយកទៅធ្វើជាកូនក្រក។ ថ្វីត្បិតតែពេលសម្ដែង គេមិនបានវះកាត់យកកូនចេញពីពោះក៏ពិតមែន តែនាងមានអារម្មណ៍ភ័យរន្ធត់ ស្រៀវឆ្អឹងខ្នង និងភ័យខ្លាចខ្លាំងណាស់ ខណៈតួអង្គក្នុងរឿងយកកាំបិត ពិតមុខឡើងស្រួចមកចាក់ទម្លាយពោះនាង ដើម្បីបានកូនយកទៅធ្វើកូនក្រក។
អ្វីដែលកាន់តែគួរឲ្យខ្លាចខ្លាំងជាងនេះ ត្រង់ឈុតឆាកដដែល គឺត្រូវសម្ដែងនៅពេលយប់ទៀត ទើបនាងមានការបារម្ភខ្លាច មានផ្លូវងងឹតណាមួយមកលេងសើច ហើយចូលសណ្ឋិតជ្រុលដៃ ចាក់មកលើខ្លួនមែនទែន។ យ៉ាងណាមិញ មិនមានបញ្ហាអ្វីកើតឡើងឡើយ ព្រោះមុនពេលថត ក្រុមការងារក៏ដូចជាតួសម្ដែងក្នុងរឿងទាំងអស់ បានអុជធូបសុំម្ចាស់ទឹកម្ចាស់ដីរួចរាល់ហើយ។
តារាសិចស៊ី សួង សាខារ៉ានីត បានថ្លែងប្រាប់ឲ្យដឹងថា «ចា៎បង ! ពេលថតវះយកកូន គឺមានអារម្មណ៍ថាភ័យ រន្ធត់មែនទែន ក្រោយពេលដែលឃើញ កាំបិតចុងស្រួច ទោះបីជាដឹងថា ខ្ញុំដឹងថា គេមិនបានសម្លាប់មែនទែនក៏ដោយ ប៉ុន្តែមានអារម្មណ៍ថា ស្រៀវឆ្អឹង នៅពេលដែលគេយកកាំបិតមែនទែន មករកចាក់..! ណាមួយប្លង់ហ្នឹងត្រូវថតពេលយប់ ខ្ញុំបារម្ភខ្លាចតែមាន អ្នកផ្លូវងងឹត ណាមួយមកលេងសើច ហើយចូលសណ្ឋិតជ្រុលដៃ ចាក់មកលើខ្លួនមែនទែន...!»។
គួរបញ្ជាក់ថា តារាសម្ដែង សួង សុខារ៉ានីត បានប្រឡូកចូលវិស័យសិល្បៈអស់រយៈពេល ច្រើនឆ្នាំមកហើយ ដោយបានសាងកេរ្តិ៍ឈ្មោះ ជាតារាសម្ដែងល្បីខ្លាំងគួរសម ប៉ុន្តែភាគច្រើននាងតែងតែត្រូវបានផលិតករ ឲ្យសម្ដែងជាតួម្ដាយ។ ជាក់ស្ដែងដូចរឿង «កូនក្រក» នេះជាដើម ដែលនាងបានសម្ដែងជាតួម្ដាយ ដែលត្រូវស្វាមីខ្លួនវះយកកូន ធ្វើជាកូនក្រក៕