(ភ្នំពេញ)៖ សម្រាប់អ្នកគាំទ្រ ក៏ដូចជាមហាជនទូទៅ នៅពេលបានឃើញ និងឮដំណឹងថា អតីតតារាសម្ដែង ធ្លាប់មានឈ្មោះល្បី និងជាអតីតគូស្នេហ៍របស់លោក ស៊ុក សុភា គឺអ្នកនាង ខៀវ សុខារ៉ាវី បានប្រកាសជាសាធារណៈថា ទីបំផុតនាងបានសម្រេចបំណងរៀបការជាមួយគូស្នេហ៍ ដែលជាអនិកជនរស់នៅក្រៅប្រទេស។ ក្រោយប្រកាសរៀបការ នៅសហរដ្ឋអាមេរិកជាសាធារណៈ ឲ្យមហាជន ក៏ដូចជាអ្នកនៅក្នុងចង្កោមសិល្បៈបានដឹង មិនទាន់បានប៉ុន្មានថ្ងៃផង ស្រាប់តែថ្មីៗនេះ ក៏មានព័ត៌មានលេចឮមកថា អតីតតារាសម្តែងស្រីមុខមូលក្រឡង់ ខៀវ សុខារ៉ាវី នឹងមានគម្រោងដឹកដៃស្វាមី ចុះមកកាត់ចំណងដៃ នៅស្រុកខ្មែរម្តងទៀត។
យ៉ាងណាមិញថ្មីៗនេះ តាមប្រភពព័ត៌មានដែលជិតស្និទ្ធនឹង អ្នកនាង ខៀវ សុខារ៉ាវី បានបង្ហើបឲ្យដឹងថា ក្រោយរៀបការនៅអាមេរិករួចរាល់ ខៀវ សុខារ៉ាវី មានគម្រោងដឹកដៃស្វាមី ចុះមកកាត់ចំណងដៃ នៅស្រុកខ្មែរជាថ្មីម្តងទៀត តែមិនទាន់ច្បាស់ថាពេលណាទេ។ ក្នុងនោះក៏មានការជូនពរដល់ ខៀវ សុខារ៉ាវី ពីសំណាក់អ្នកគាំទ្រ ក៏ដូចជាមិត្តរួមអាជីព ឲ្យបានសមប្រកបនៅក្នុងជីវិតគូលើកនេះផងដែរ។
គួរបញ្ជាក់ថា ខៀវ សុខារ៉ាវី គឺជាតារាសម្តែងមួយរូប ដែលធ្លាប់ទទួលបានការគាំទ្រ និងមានកេរ្តិ៍ឈ្មោះបោះសំឡេង ប៉ុន្តែនាងបានបាត់មុខពីអាជីពសិល្បៈ ក្រោយពីមានការរំសាយការ រៀបការជាមួយលោក ស៊ុក សុភា និងប៉ុន្មានឆ្នាំក្រោយមកនាង បានហក់ចូលក្នុងការងារនេះជាថ្មីម្តងទៀត តែហាក់មិនទទួលជោគជ័យឡើយ។ ដោយឡែកបើងាកមកមើល ពីជីវិតឯកជនរបស់នាងវិញ ត្រូវបានមហាជនដឹងថា នាងធ្លាប់មានគូស្នេហ៍ជាមន្រ្តីមានឋានៈធំម្នាក់ ហើយក៏ទទួលបានចំណងដៃកូនប្រុសមួយផងដែរ ប៉ុន្តែការប្រកាសជាសាធារណៈថា នាងមានស្នេហាថ្មីលើទឹកដីអាមេរិក នៅពេលនេះ គឺបានសេចក្ដីថា ខៀវ សុខារ៉ាវី ចែកផ្លូវគ្នាជាមួយនឹងគូស្នេហ៍ចាស់នោះទៅហើយ ទើបហ៊ានបើកចំហស្នេហ៍ថ្មីបែបនេះ៕