(ភ្នំពេញ)៖ តារាចម្រៀងប្រុសទឹកដមសំនៀងក្រអួនក្រអៅ គឺលោក សេម មិនត្រឹមតែមានសមត្ថភាពផ្នែកចម្រៀងនោះទេ ថែមទាំងអាចសម្តែងភាពយន្តបានយ៉ាងល្អ ខណៈក្នុងភាពយន្តថ្មីរបស់ CTN ដែលមានចំណងជើងថា «ឆន្ទា» លោកបានក្តោបក្តាប់តំណែងជាតួឯកទៀតផង។ ស្របពេលខ្សែភាពយន្តមួយនេះ ត្រៀមចាក់បញ្ចាំង មានចម្រៀងមួយបទបានលេចឡើង ដើម្បីជូនទស្សនិកជនស្តាប់ ដែលមានសាច់រឿងដូចទៅនឹងរឿង «ឆន្ទា» គឺមានចំណងជើងថា «ធ្វើតាមបេះដូង» ដែលបទចម្រៀងនេះជាការបកស្រាយដោយ លោក សេម ដែលជាតួឯកប្រុសក្នុងរឿង «ឆន្ទា»។  

បើតាមការកត់សម្គាល់ ក្នុងខ្សែភាពយន្ត «ឆន្ទា» គឺមានការចូលរួមសម្តែងយ៉ាងពិសេស ពីសំណាក់​កំពូលតារាសម្តែងជើងចាស់ គឺអ្នកស្រី អម្ពរ ទេវី ខណៈក្នុងរឿងនេះ លោក សេម សម្តែងជាកូនប្រុសរបស់លោកស្រី ខណៈក្នុង បទ «ធ្វើតាមបេះដូង» នេះជាបទចម្រៀងមួយបទ ដែលរៀបរាប់ពីភាពឈឺចាប់ ការព្រាត់ប្រាសស្នេហារបស់លោក សេម ដែលបានដកស្រង់ចេញខ្សែភាយន្ត រឿង «ឆន្ទា» នេះតែម្តង។

អ្វីដែលពិសេស ក្នុងបទចម្រៀងបែបមនោសញ្ចេតនាមួយនេះ ទទួលបានការគាំទ្រយ៉ាងច្រើនពីសំណាក់ទស្សនិកជន ខណៈបទនេះ បានឆ្លុះបញ្ចាំងយ៉ាងច្បាស់ ពីសង្គមបច្ចុប្បន្ន។ ដោយសារមនុស្សមានស្នេហាភាគច្រើន ប្រឹងជំនះគ្រប់ឧបសគ្គ ជាពិសេសជញ្ជាំងវណ្ណៈគ្រួសារ ដើម្បីបានរស់នៅជាមួយមនុស្ស ដែលខ្លួនស្រឡាញ់៕