(ភ្នំពេញ)៖ ពិតជារឿងមួយធ្វើឲ្យចាប់អារម្មណ៏ ចំពួសលោក ងួន ស៊ីណាត ដែលគេឲ្យរហស្សនាមថា «ស្តេចហ្គេម» ប្រចាំប្រទេសកម្ពុជា លេចវត្តមានជាតួឯកក្នុង MV ចម្រៀងថ្មី របស់លោក អីណូ ​មានចំណងជើងថា «ស្រឡាញ់អ្នក Single បានស្ទាវ»។

 បន្ទាប់ពីគេឃើញមានវីដេអូមួយ បង្ហោះដោយតារាចម្រៀងប្រុស លោក អ៊ីណូ ដែលទំនងជាបង្ហាញពីសកម្មភាព​ ក្រុមការងារផលិតកម្ម សាន់ដេ កំពុងចុះថត MV ចម្រៀងថ្មីរបស់លោក គឺបទ «ស្រឡាញ់អ្នក Single បានស្ទាវ»។ អ្វីដែលពិសេសខុសធម្មតា ក្នុងវីដេអូនេះ មិនត្រឹមមានតែតារាសម្តែងនោះទេ គឺមានទាំងស្តេចហ្គេមទៀតផង ដោយក្នុងនោះស្តេចហ្គេមផ្ទាល់ បានអះអាងថា​ ខ្លួនមកសម្តែងជាតួឯកក្នុង MV ចម្រៀង ដែលមានចំណងជើងថា «ស្រឡាញ់អ្នក Single បានស្ទាវ»​ ខណៈគ្រាន់តែឮបែបនេះភ្លាម ធ្វើឲ្យអ្នកលេងបណ្តាញសង្គម ភ្ញាក់ផ្អើលយ៉ាងខ្លាំង មិននឹកស្មានថា ស្តេចហ្គេម មកប្រឡូកក្នុងវិស័យសិល្បៈ ព្រោះកន្លងមកធ្លាប់តែឃើញលោក អង្គុយសំកុកលេងតែហ្គេម។

បើតាមការកត់សម្គាល់ លោក ងួន ស៊ីណាត ហៅ «ស្តេចហ្គេម» កំពុងតែល្បីខ្លាំងនៅលើបណ្តាញសង្គម រួមផ្សំទាំងការ ទទួលរងនូវពាក្យរិះគន់យ៉ាងចាស់ដៃ ពីសំណាក់បុគ្គលមួយចំនួនទៀតផង ទៅលើការលេងហ្គេមយ៉ាងងប់ងល់របស់លោក។ ជាមួយនឹងការរិះគន់ទាំងឡាយ ដែល​បានចាក់ស្រោចទៅលើលោកកន្លងមក ហាក់មិនបានធ្វើឲ្យបុរសញៀនហ្គេម្នាក់នេះឈឺចិត្ត ស្អិតទ្រូងអ្វីឡើយ ផ្ទុយទៅវិញលោកបែរជារីករាយ នឹងជីវិតបែបនេះយ៉ាងខ្លាំង។

យ៉ាងណាមិញ បទចម្រៀងមួយនេះ នៅមិនទាន់ចេញ Full MV នៅឡើយទេ ខណៈទស្សនិកជនកំពុងតែអន្ទះសារចង់ទស្សនា ថាតើទេពកោសល្យថ្មីរបស់​ស្តេចហ្គេម ល្អមើលដល់កម្រិតណា?