(ភ្នំពេញ)៖ កម្មវិធីប្រឡងប្រកួតប្រជែង ទេពកោសល្យ លំដាប់ថ្នាក់ពិភពលោក Cambodia’s Got Talent រដូវកាលទី២ ដែលជាកម្មវិធីមួយត្រូវបានគេសង្កេតឃើញថា មានការគាំទ្រជាច្រើន ពីសំណាក់មហាជនទូទាំងប្រទេស ខណៈមកទល់នឹងពេលនេះ គេក៏បានរកឃើញនូវម្ចាស់ជ័យលាភីហើយ កាលពីយប់ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៨ ដោយម្ចាស់ជ័យលាភី បានទៅលើក្រុមរាំដែលមានឈ្មោះថា «THE KING» ដោយទទួលបាន ទឹកប្រាក់ចំនួន១០០លានរៀល និងក្លាយជាក្រុមសិល្បករ ជាប់កុងត្រា ប្រចាំស្ថានីយ ទូរទស្សន៍ហង្សមាស និងរស្មីហង្សមាស។
ក្នុងនោះតារាចម្រៀងប្រុស លោក ណុប បាយ៉ារិទ្ធ ក៏បានចូលរួមអបអរសាទរ ក៏ដូចជាបង្ហាញនូវអារម្មណ៍រំភើប និងមានមោទនភាពជាខ្លាំង ក្រោយក្រុមរាំមួយនេះ បានក្លាយជាជ័យលាភី Cambodia’s Got Talent រដូវកាលទី២ ខណៈដែលក្រុមរាំ «THE KING» កាលពីពេលកន្លងមក លោក ណុប បាយ៉ារិទ្ធ បានបង្ហើបឲ្យដឹងថា ជាក្រុមរាំដែលធ្លាប់ ទទួលរងនូវការមើលងាយ ពីពពួកមនុស្សមួយចំនួន ថាត្រឹមតែជាក្រុមរាំតាមសួន។
ដោយយោងតាមគណនី ហ្វេសប៊ុក របស់តារាចម្រៀងចាស់វស្សា នៅក្នុងផលិតកម្មរស្មីហង្សមាស លោក ណុប បាយ៉ារិទ្ធ បង្ហាញអារម្មណ៍រំភើប និងមានមោទនភាពថា «មានសមត្ថភាព មានការតស៊ូ មានការអត់ធ្មត់ មានការប្រឹងប្រែង មានការឆ្នៃប្រឌឹត មានការសហការ មានការសាមគ្គី មានមហិច្ឆតា មានទំនុកចិត្ត មានឆន្ទៈ និងមានក្តីសុបិន្ត ហើយព្យាយាមដើរ ទៅរកក្តីសុបិន្ត ដោយហ៊ានប្រឈមមុខ គ្រប់ឧបសគ្គដោយមិនរាថយ សុបិន្តក្លាយជាការពិត លុះត្រាយើងខំប្រឹង ដើរទៅឲ្យដល់ក្តីសុបិន្ត របស់ខ្លួនឯង ដែលមិនមែន គ្រាន់តែជាក្តីសុបិន្ដ ដោយការស្រមើរស្រមៃចង់បាន ហើយមិនប្រឹងប្រែងនិងយកវានោះឡើយ សុបិន្តនិងក្លាយជាការពិត លុះត្រាអ្នកតាំងខ្លួនជាអ្នកលាពីក្តីសុបិន្តជាមុន។ សុបិន្តរួចហើយ គឺត្រូវលាចេញពីក្តីសុបិន្ត ព្រោះមនុស្សមិនអាច គ្រាន់តែសុបិន្តពេញមួយជីវិត ដោយមិនចង់ឲ្យក្លាយជាទៅការពិតនោះទេ គឺត្រូវបន្តរឆ្ពោះទៅមុខ ទៅឲ្យដល់គោលដៅចុងក្រោយ នោះគឺ វិថីនៃការពិត គោលដៅនៃជ័យជំនះពិតប្រាកដ»។
តារាចម្រៀងប្រុសមុខមានមន្តស្នេហ៍ រូបនេះបានបន្តថា «អបអរសាទ ជ័យលាភី ម្ចាស់ពានរង្វាន់ Cambodia’s got talent រដូវការទី២ ក្រុមរាំ THE KING ជ័យលាភីដែល បានមកពីសមត្ថភាពពិតប្រាកដ យកសមត្ថភាពពិតប្រាកដ ទៅដណ្តើមយកពានពីការប្រគួត គឺជាកិត្តិយស និង មោទនភាព របស់បេក្ខជន ថ្ងៃនេះពពួកមនុស្ស ដែលធ្លាប់តែមើលងាយថា ក្រុមរាំតាមសួន និងបានភ្លឺភ្នែក ព្រោះក្រុមរាំតាមសួន មានសមត្ថភាពអាចដណ្តើមជ័យលាភី កាន់ពាន Cambodia’s got talent រដូវការទី២នេះ បានដោយការបោះឆ្នោតជាច្រើនដំណាក់កាល ពីមហាជនទូទាំងប្រទេស»។
យ៉ាងណាមិញ សម្រាប់ទេពកោសល្យ និងសមត្ថភាពរបស់ ក្រុមរាំ «THE KING» ត្រូវបានមហាជនទូទៅ មានការកោតសរសើរគ្រប់គ្នា ទាំងសមត្ថភាព សម្តែងលើឆាក និងពោរពេញ ទៅដោយទេពកោសល្យ ខណៈដែលការក្លាយជាម្ចាស់ជ័យលាភី និងទទួលបានទឹកប្រាក់ ចំនួន ១០០លានរៀល ក្នុងកម្មវិធីប្រកួតប្រជែង សមត្ថភាព ទេពកោសល្យ លំដាប់ថ្នាក់ពិភពលោក Cambodia’s Got Talent រដូវកាលទី២ នៅពេលនេះ គឺពិតជាស័ក្តិសមខ្លាំង ចំពោះក្រុមរាំមួយនេះ៕