(ភ្នំពេញ)៖ តារាចម្រៀងប្រុសម្ចាស់បទ «Sad Man» លោក ខេមរៈ សិរីមន្ត បានធ្វើឲ្យមហាជនជាច្រើន សម្តែងនូវការចាប់អារម្មណ៍ខណៈដែលក្នុងថ្ងៃខួបកំណើតរបស់ខ្លួន លោកបានធ្វើទង្វើល្អក្នុងសង្គម គឺនាំក្រុមការងារដើររើសសំរាម ដោយមិនប្រកាន់ខ្លួនថា ជាតារាល្បីនោះឡើយ ព្រោះតែលោកចង់ដឹងពីរសជាតិ នៃការងារមួយនេះ ថាតើមានភាពលំបាកកម្រិតណា?
ជាការកត់សម្គាល់ សកម្មភាពនេះមិនត្រឹមតែធ្វើឲ្យមហាជនចាប់អារម្មណ៍នោះទេ គឺពិតជាប្លែក និងខុសពីអ្នកសិល្បៈដទៃ ព្រោះកន្លងទៅគេធ្លាប់តែឃើញ តារាផ្សេងៗក្នុងថ្ងៃខួបកំណើតរបស់ខ្លួន ពួកគេបានយកអំណោយទៅចែកជូនអ្នកខ្សត់ខ្សោយ, ទិញរបស់របរជូនអ្នកមានគុណ ឬធ្វើពិធីជប់លៀងនៅផ្ទះ ជួបជុំមិត្តភ័ក្តិជាដើម។ ផ្ទុយទៅវិញ បើងាកមកមើល លោក ខេមរៈ សិរីមន្ត វិញ គឺបែរជានាំក្រុមការងារដើររើសសំរាម នៅកណ្តាលថ្ងៃត្រង់ ដោយមិនប្រកាន់ខ្លួនជាតារាល្បី ឬខ្មាសអៀនអ្វីឡើយ ព្រោះលោកគិតថា ការធ្វើទង្វើល្អក្នុងសង្គម គឺមិនខ្លាចញញើតក្នុងការធ្វើនោះទេ ហើយក៏គ្មានអ្វីត្រូវខ្មាស់អៀននោះដែរ។
យោងតាមគណនីសង្គមផ្ទាល់ របស់កំពូលតារាចម្រៀងប្រុសលោក ខេមរៈ សិរីមន្ត បានសរសេរសារភ្ជាប់ជាមួយនឹងវីដេអូ ដោយមានខ្លឹមសារយ៉ាងដូច្នេះថា «រាល់ការធ្វើទង្វើល្អដល់សង្គម ចូរកុំមានការខ្មាសអៀនឡើយ។ ថ្ងៃនេះជាថ្ងៃកំណើតរបស់ខ្ញុំ ខ្ញុំនឹងធ្វើការងារបរិស្ថាន និងជួយចែករំលែកការងារបងៗផ្នែកអនាម័យ និងចង់ស្វែងយល់អំពីការងាររបស់ពួកគាត់ផងដែរ ចូរទុកដាក់សំរាមឲ្យបានត្រឹមត្រូវ ធ្វើបរិស្ថាន ស្អាតសុខភាពល្អ សម្រាប់សង្គមជាតិទាំងអស់គ្នា»។
ទោះបីជាសកម្មភាពទាំងនោះ ជាទង្វើល្អចេញពីចិត្តរបស់លោក ខេមរៈ សិរីមន្ត យ៉ាងណាក្តី តែមានអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកមួយចំនួន បានធ្វើការលើកឡើងផ្ទុយ ទៅការគិតរបស់លោកយ៉ាងដូច្នេះថា «សកម្មភាពនេះគ្រាន់តែធ្វើឡើង ដើម្បីទាក់ទាញទស្សនិកជន ចង់បានប្រជាប្រិយភាពតែប៉ុណ្ណោះ ខណៈបញ្ហាសំរាម កំពុងក្លាយជាប្រធានបទដ៏ក្តៅគគុកនាពេលបច្ចុប្បន្ន ហើយតម្រូវឲ្យមានការចូលរួម ពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ទើបទទួលបានជោគជ័យ»៕