(ភ្នំពេញ)៖ សមាជិកក្រុមយុវជន U17 របស់ក្លិបបាល់ទាត់វិសាខាម្នាក់ ដែលមានម្ដាយជាជនជាតិខ្មែរ និងឪពុកជាជនជាតិហ្គាណា គឺកីឡាករ ឡេង ណូរ៉ា បានបង្ហាញមោទនៈភាពជាខ្លាំង ក្រោយបានជាប់ជម្រើសចុងក្រោយ ក្នុងបញ្ជីឈ្មោះក្រុមយុវជនថ្នាលរបស់ក្លិប ហើយគេបានប្ដេជ្ញាយ៉ាងមុតមាំ នឹងខិតខំប្រឹងប្រែងហ្វឹកហាត់ និងអភិវឌ្ឍន៍សមត្ថភាពខ្លួន ដើម្បីតបស្នង ចំពោះថ្នាក់ដឹកនាំក្លិប ដែលបានយកចិត្តទុកដាក់ និងផ្ដល់ឱកាសដល់រូបគេ។

កីឡាករកូនកាត់ខ្មែរ-ហ្គាណារូបនេះ បានបញ្ជាក់ថា «វិសាខា គឺជាក្រុមល្អ និយាយទៅ ក្លិបផ្ដល់ឱកាសដល់ខ្ញុំច្រើន ទាំងការសិក្សា ការហូបចុក ការស្នាក់នៅ និងហ្វឹកហាត់ គឺងាយស្រួលមែនទែន។ ចឹងដើម្បីតបស្នងនឹងការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំក្លិប ក៏ដូចជាក្រុមការងារគ្រូបង្វឹក មកលើក្រុមយុវជន ក៏ដូចជារូបខ្ញុំផ្ទាល់ ខ្ញុំនឹងខិតខំហ្វឹកហាត់ ដើម្បីអភិវឌ្ឍន៍សមត្ថភាពឲ្យបានខ្លាំង និងលេងឲ្យបានពូកែ ដើម្បីជួយក្រុមវិញ នាថ្ងៃអនាគត»

យ៉ាងណាមិញកីឡាករវ័យ ១៤ឆ្នាំដដែលបន្ដថា ឆ្លងកាត់ការហ្វឹកហាត់ជិត ១ខែកន្លងទៅ ទោះបីខ្លួនមានការរីកចម្រើនមួយកម្រិតក្ដី តែមិនទាន់គ្រប់គ្រាន់ទេ ព្រោះមានចំណុចខ្វះខាត និងបច្ចេកទេសជាច្រើន ដែលខ្លួនត្រូវការរៀនសូត្រ និងដុះខាត់បន្ថែម។ ហេតុនេះ ណូរ៉ា បានប្ដេជ្ញានឹងយកចិត្តទុកដាក់ស្ដាប់ការណែនាំរបស់គ្រូបង្វឹក ហើយគេក៏សង្ឃឹមថា អាចវិវត្ដន៍ខ្លួន ក្លាយជាកីឡាករម្នាក់ មានសមត្ថភាពគ្រប់គ្រាន់ ដើម្បីធ្វើការប្រកួតប្រជែងលើទីលាន ក្នុងពេលសមស្របមួយផងដែរ។

សូមបញ្ជាក់ថា ក្រុម U17 វិសាខា បច្ចុប្បន្នកំពុងធ្វើការប្រមូលផ្ដុំហ្វឹកហាត់ យ៉ាងយកចិត្តទុកដាក់ ក្រោមការដឹកនាំរបស់គ្រូបង្គោលលោក វី លីកា។ បន្ទាប់ពីធ្វើការប្រមូលផ្ដុំជិត ១ខែកន្លងមក ក្រុមយុវជនរបស់យើង បានធ្វើការប្រកួតមិត្តភាពលក្ខណៈដកស្រង់បច្ចេកទេសចំនួន ២ប្រកួតមកហើយ ដោយប្រកួតទី១ បានយកឈ្នះក្រុមយុវជន Young Chester ក្នុងលទ្ធផល ៣-០ និងប្រកួតទី២ ចាញ់ក្រុមយុវជន U18 របស់ក្លិបព្រះខ័នរាជស្វាយរៀង ដោយលទ្ធផល ២-០៕