(មេនឆេស្ទើ)៖ ក្លឹបមេឃខៀវ Manchester City បានយកឈ្នះគូប្រជែង Fulham ក្នុងលទ្ធផល ២-០ ដែលជាការប្រកួតក្នុងក្របខណ្ឌ League Cup វគ្គ ១៦ក្រុមចុងក្រោយ ខណៈកីឡាករខ្សែបម្រើឆ្នើម Kevin De Bruyne រងរបួសសាជាថ្មីនារាត្រីថ្ងៃសុក្រ ទី២ ខែវិច្ឆិកា ឆ្នាំ២០១៨ ក្នុងកីឡដ្ឋាន Etihad។

២គ្រាប់ជ័យជម្នះរបស់ក្លឹបស្ថិតនៅទីក្រុង Manchester រកបានដោយកីឡាករតែម្នាក់គត់ គឺ Brahim Diaz នៅនាទីទី១៨ និងនាទីទី៦៥ ដើម្បីជួយក្រុមការពារតំណែងជើងឯក Man City ធ្វើដំណើរទៅកាន់វគ្គ ៨ក្រុមជាបន្តទៀត ដែលអាចប៉ះ Leicester City ឬក៏ Southampton។

តែយ៉ាងណា ក្រុមម្ចាស់ជើងឯក Premier League មួយនេះ ក៏កំពុងមានបញ្ហាធំមួយក្នុងការបាត់បង់កីឡាករប៊ែលហ្ស៊ិក De Bruyne ដែលមានបញ្ហារបួសចាស់រើឡើងវិញក្នុងជំនួប ដ៏តានតឹងយប់មិញនេះ។

ទន្ទឹមគ្នានោះ គ្រូបង្វឹក Man City លោក Pep Guardiola នៅមិនទាន់ដឹងថា កីឡាករវ័យ ២៧ឆ្នាំរូបនេះ អាចត្រូវសម្រាកព្យាបាលយូរប៉ុនណាទៀតទេ ព្រោះពេលនេះ គ្រូពេទ្យក៏កំពុងតាមដានមើលពីបញ្ហារបួសយ៉ាងយកចិត្តទុកដាក់។

ខ្សែបម្រើឆ្នើមសញ្ជាតិបែលហ្សិក Bruyne ត្រូវបានប្ដូរចេញ និងជំនួសមកវិញដោយកីឡាករ Gomes នៅនាទីទី៨៦ ជាមួយ De Bruyne ទើបលេងជម្រើសដំបូង ១១នាក់បានតែ ២ប្រកួតប៉ុណ្ណោះ ក្នុងរដូវកាលឆ្នាំ២០១៨-២០១៩ ដោយសារមានបញ្ហារបួសជង្គង់ដ៏រាំរ៉ៃរបស់គេតាំងពីខែសីហា ឆ្នាំ២០១៨ មកម្ល៉េះ៕