(ភ្នំពេញ)៖ តារាចម្រៀង ពូកែខាងលេងទឹកមុខ ក្រម៉ិចក្រម៉ើម អ្នកនាង ទូច ស្រីលក្ខណ៍ ត្រូវបានគេសម្គាល់ថា នាងជា​តារាមួយរូប ​មាន​ជីវិត​រស់នៅ​ពោរពេញ ​ទៅដោយ​សុភមង្គល និង ​កក់ក្តៅ​ នៅក្នុងគ្រួសារ។ មួយវិញទៀត នាង​ត្រូវបាន​គេ​ចាត់ទុក ជា​តារា​ដែល​ចូលចិត្ត​ ការសម្តែង​បែប​សប្បាយៗ ​និង​ភាព​ក្រ​ម៉ិច​ក្រ​ម៉ើ​ម ទៅកាន់មហាជន​ ឲ្យមានអារម្មណ៍សប្បាយរីករាយ តែមិននឹកស្មានថា ​ធាតុពិត​របស់តារាចម្រៀងស្រីរូបនេះ ​កំពុងតែធ្លាក់ខ្លួនចូល​ទៅក្នុង​ «ជំងឺបាក់ទឹកចិត្ត» ដែលជាជំងឺមួយ ដ៏​កាចសាហាវ និងគួរឲ្យខ្លាច​បំផុត។

ជាក់ស្ដែង កាលពីពេលថ្មីៗ​នេះ ​តារាចម្រៀង ទូច ស្រី​លក្ខណ៍ បាន​បង្ហោះ​សារ​មាន​អត្ថន័យ​ថា ​«ពីមួយថ្ងៃ​ទៅមួយថ្ងៃ​ខ្ញុំ​កាន់​ពិបាក ជំងឺ​បាក់​ទឹកចិត្ត​វា​កាន់តែ​ធ្វើឲ្យ​ខ្ញុំ​ពិបាកទៅៗ​ អ្នក​គេ​មើ​ល​មក​ខ្ញុំ​ថា​ខ្ញុំ​សប្បាយ ​តែ​ពេលខ្លះ​ខ្ញុំ​លួច​យំ​ក្នុង​ចិត្ត​។ ស្អែក​ខ្ញុំ​ត្រូវ​ជួប​លោកគ្រូ​ពេទ្យ​ ខាង​ផ្លូវចិត្ត ​សង្ឃឹមថា ​ខ្ញុំ​នឹង​ប្រសើរ​ឡើ​ង​បន្ទាប់ពី​ជួប​គាត់​ហើ​យ​»

តាមរយៈសារ​បង្ហាញពី​ការបាក់ទឹកចិត្ត ពីសំណាក់តារាចម្រៀង អ្នកនាង ទូច ស្រីលក្ខណ៍ ​បានធ្វើឲ្យមិត្ត​រួម​អាជីព ​ក៏ដូចជា​អ្នកគាំទ្រ និងទស្សនិកជន​ជាច្រើន ​មានការ​ភ្ញាក់ផ្អើលយ៉ាងខ្លាំង ​ព្រោះ​ស្ទើរមិន​ជឿថា ទូច ស្រី​លក្ខណ៍ កើតមានជំងឺបែបនេះនោះទេ និងបានចូលរួមលើកទឹកចិត្ត ក៏ដូចជាលើកពាក្យសរសើរ និងជូនពរឲ្យ តារាចម្រៀងស្រីរូបនេះ ឆាប់ជាសះស្បើយ ពីជំងឺនេះផងដែរ។

ជាការកត់សម្គាល់ នេះមិនមែនជាលើកដំបូងឡើយ ដែលមានអ្នកសិល្បៈធ្លាប់ជួបជំងឺបាក់ទឹកចិត្ត ខណៈកាលពីកន្លងទៅ មានតារាជាច្រើនក៏ធ្លាប់រងសំពាធផ្លូវអារម្មណ៍ កម្រិតធ្ងន់ធ្ងរ ពោលគឺកើតមានជំងឺបាក់ទឹកចិត្ត ប៉ុន្តែក៏បានធូរស្បើយ វិញផងដែរ៕