(អ៊ីតាលី)៖ លោក Vincenzo Iaquinta អតីតកីឡាករខ្សែប្រយុទ្ធរបស់ក្លឹបសេះបង្កង Juventus និងជាអតីតកីឡាករម្នាក់ក្នុងក្រុមម្ចាស់ជើងឯកបាល់ទាត់ពិភពលោក FIFA World Cup 2006 ត្រូវបានរដ្ឋអាជ្ញាតុលាការក្នុងប្រទេសអ៊ីតាលី កាត់ទោសឲ្យជាប់ពន្ធនាគារ ២ឆ្នាំកាលពីថ្ងៃពុធ ទី៣១ ខែតុលានេះពីបទជាប់ពាក់ព័ន្ធនឹងក្រុមបងតូចបងធំ mafia គ្រាដែលឪពុករបស់គាត់ គឺលោក Guiseppe ក៏ត្រូវបានតុលាការកាត់ទោសឲ្យជាប់ពន្ធនាគារ ១៩ឆ្នាំដែលបានពាក់ពាន់ក្នុងរឿងអាស្រូវនេះដូចគ្នាជាមួយនឹងជនសង្ស័យ ១៤៨នាក់ផ្សេងទៀត។

នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន BBC បានឲ្យដឹងកាលពីថ្ងៃពុធ ទី៣១ ខែតុលា ឆ្នាំ២០១៨ ក្រុមរដ្ឋអាជ្ញាដំបូងរបស់អ៊ីតាលី បានចោទប្រកាន់ឲ្យអតីតកីឡាករអ៊ីតាលីវ័យ ៣៨ឆ្នាំរូបនេះ ឲ្យជាប់ពន្ធនាគាររហូតដល់ ២ឆ្នាំ ដោយគេអះអាងថាលលោក Iaquinta បានកាន់អាវុធខុសច្បាប់ហើយជាប់ពាក់ព័ន្ធនឹងក្រុម mafia ឈ្មោះ Ndragheta ។

លោក Iaquinta និងឪពុករបស់គាត់ បានស្រែកប្រាប់អ្នកកាសែតនៅខាងក្រៅតុលាការថា នេះគឺជារឿងអយុត្តិធម៌ ព្រោះពួកគាត់គ្មានកំហុស ហើយការចោទប្រកាន់នេះ គឺដោយសារតែពួកគាត់ជាអ្នកកើតនៅតំបន់ Calabria ប៉ុន្តែសំណើររបស់រដ្ឋអាជ្ញា ត្រូវបានតុលាការច្រានចោលការចោទប្រកាន់នឹងបន្តសើបឲ្យបានច្បាស់លាស់។

សម្រាប់មេធាវីរបស់ឪពុក កូនទាំង២នាក់នេះ បានសម្រេចជំទាស់និងប្តឹងទៅវិញតុលាការកំពូល អតីតកីឡាករ Iaquinta បានបង្ហាញខ្លួនជាមួយក្រុមជម្រើសជាតិអ៊ីតាលី ៤០ដង ស៊ុតបញ្ជូលទីបាន ៦គ្រាប់ ហើយចំណាយពេលក្នុងអាជីពបាល់ទាត់ជាមួយក្រុម Udinese ៧ឆ្នាំ មុននឹងចូលរួមជាមួយក្រុម Juventus ៦ឆ្នាំ គាត់បានចូលនិវត្តន៍ពីពិភពបាល់ទាត់ កាលពីឆ្នាំ ២០១៣។

សូមបញ្ជាក់ថា ក្រុមបងធំ mafia ឈ្មោះ Ndragheta គឺក្រុមបងធំនៅអ៊ីតាលី ដែលបង្កើតបណ្តាញបង្កឧក្រិដ្ឋកម្ម នៅតំបន់ Calabria ភាគខាងត្បូងនៃប្រទេសអ៊ីតាលី៕