(ភ្នំពេញ)៖ ក្រុមបាល់ទាត់វិសាខា នឹងត្រូវជួបប្រកួតជាមួយក្រុមយុវជន U18 Fukushima របស់ជប៉ុន នាម៉ោង៥ល្ងាចនេះ នៅលើទីលានពហុកីឡដ្ឋានជាតិ ដើម្បីអបអរសាទរខួបលើកទី៦៥ នៃទំនាក់ទំនងការទូតកម្ពុជា-ជប៉ុន។ ចាំមើលតើក្រុម U18 Fukushima អាចទប់ទល់ជាមួយក្រុមលេខ៣ នៃលីគកំពូលកម្ពុជានេះបានដែរ ឬក៏យ៉ាងណា។

មុនជួបក្រុមម្ចាស់ផ្ទះវិសាខាល្ងាចនេះ ក្រុម U18 Fukushima បានធ្វើការប្រកួតមិត្តភាពជាមួយក្រុមម្ចាស់ស្រុក ១ប្រកួតរួចមកហើយ ដោយចាញ់ក្រុមយុវជនសាលាបាល់ទាត់ជាតិបាទី អាយុក្រោម ១៨ឆ្នាំក្នុងលទ្ធផល ១-០ កាលពីថ្ងៃទី៣១ ខែតុលាកន្លងទៅ។ ដូច្នេះការប្រកួតល្ងាចនេះ អាចជារឿងមួយពិបាកក្នុងការជួបក្រុមវិសាខា ដែលជាក្រុមមួយមានកម្រិតខ្ពស់ និងកំពុងមានការរីកចម្រើនខ្លាំងនាពេលបច្ចុប្បន្ន។

យ៉ាងណាមិញ ជុំវិញការប្រកួតនេះ ទោះបីឈ្នះ ឬចាញ់ ក៏មិនមែនជារឿងសំខាន់ដែរ សំខាន់គឺការរឹតចំណងមិត្តភាព សាមគ្គីភាព និងការផ្លាស់ប្ដូរបទពិសោធន៍គ្នាទៅវិញទៅមក ពិសេសគឺដើម្បីអបអរសាទរខួបលើកទី៦៥ នៃទំនាក់ទំនងការទូតកម្ពុជា-ជប៉ុនតែម្ដង ព្រោះការប្រកួតមិត្តភាពអន្ដរជាតិនេះ ត្រូវបានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា និងជប៉ុន សហការរៀបចំឡើង ក្នុងគោលបំណងសំខាន់នេះឯង៕