(ភ្នំពេញ)៖ លោក ឆាំង ពិសិដ្ឋ លេខាធិការប្រតិបត្តិគណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា(CNCC) បានអះអាងថា ចាប់ពីឆ្នាំ២០១៩ ទៅ ការបោះឆ្នោតជ្រើសរើសម្ចាស់ពានរង្វាន់ផ្សេងៗ នៅក្នុងកម្មវិធី Cambodian Football Award នឹងឈប់ធ្វើតាមបណ្ដាញសង្គមទៀតហើយ ដោយស្ថាប័នក្រោមឱវាទសហព័ន្ធកីឡាបាល់ទាត់កម្ពុជាមួយនេះ គ្រោងសហការជាមួយដៃគូអន្ដរជាតិ ដើម្បីពង្រឹងកម្មវិធីនេះឲ្យបានល្អ ដោយយកលំនាំតាមសហព័ន្ធកីឡាបាល់ទាត់អន្ដរជាតិតែម្ដង ។

ការលើកឡើងបែបនេះ បានធ្វើក្នុងសន្និសីទសារព័ត៌មាន ស្ដីពីការត្រៀមរៀបចំកម្មវិធី Cambodian Football Award ឆ្នាំ២០១៨ នៅសាលប្រជុំសហព័ន្ធកាលពីព្រឹកមិញ ខណៈកម្មវិធីផ្លូវការ គ្រោងរៀបចំ នាថ្ងៃទី១៦ ខែវិច្ឆិកាខាងមុខ នៅមជ្ឈមណ្ឌល The Premier Center Sen Sok ។ កម្មវិធីនេះ គឺផ្ដោតលើការប្រកួតក្របខណ្ឌលីគកំពូលកម្ពុជា និងពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ឆ្នាំ២០១៨ ក៏ដូចជាការបង្កើតពានរង្វាន់លើកទឹកចិត្តដល់ក្លឹប កីឡាករ និងភាគីពាក់ព័ន្ធផ្សេងៗ សរុបមាន ២២រង្វាន់ឯណោះ ។

លោកបន្ដថា នេះគឺជាលើកទី២ ដែល CNCC រៀបចំកម្មវិធីនេះឡើង តែកន្លងមកការបោះឆ្នោត ត្រូវបានធ្វើឡើងលើបណ្ដាញសង្គម ។ ដូច្នេះដើម្បីពង្រឹងកម្មវិធីនេះឲ្យបានល្អប្រសើរ ចាប់ពីឆ្នាំក្រោយទៅ CNCC នឹងធ្វើការជាមួយដៃគូអន្ដរជាតិវិញម្ដង ដើម្បីបង្កើតប្រព័ន្ធបោះឆ្នោតរួមមួយ ។ លោកថា «ឆ្នាំក្រោយ ប្រព័ន្ធបោះឆ្នោត នៃកម្មវិធី Cambodian Football Award ក្រុមការងារយើង នឹងសហការជាមួយដៃគូអន្ដរជាតិ ដោយយើងនឹងធ្វើតាមលំនាំរបស់ FIFA តាមរយៈការបង្កើតប្រព័ន្ធបោះឆ្នោតរួមមួយ លែងមានការបោះឆ្នោតលើបណ្ដាញសង្គមដូចសព្វថ្ងៃទៀតហើយ» ។

ជុំវិញការប្រកាសធ្វើកំណែទម្រង់កម្មវិធីបោះឆ្នោត នៃកម្មវិធីប្រចាំឆ្នាំនេះ គឺដើម្បីឲ្យកម្មវិធី Cambodian Football Award កាន់តែមានភាពទាក់ទាញ និងកាន់តែយុត្តិធម៌ សម្រាប់សាមីខ្លួន តាមរយៈការជ្រើសរើសផ្ទាល់ពីសំណាក់អ្នកគាំទ្រ តួយ៉ាងដូចជាកីឡាករមានប្រជាប្រិយភាពជាងគេ គ្រូបង្វឹកមានប្រជាប្រិយភាពជាងគេ និងអ្នកគាំទ្រមានប្រជាប្រិយភាពជាងគេជាដើម ។ ដូច្នេះតាមរយៈកំណែទម្រង់ថ្មីនេះ លោកជឿជាក់ថា នឹងធ្វើឲ្យបងប្អូនអ្នកគាំទ្រវិស័យកីឡាជាតិ កាន់តែមានភាពទាក់ទង និងចូលរួមគាំទ្រការប្រកួតក្របខណ្ឌលីគកំពូលកម្ពុជា ក៏ដូចជាពានសម្ដេចតេជោកាន់តែច្រើន៕