(ភ្នំពេញ)៖ ក្រុមបាល់ទាត់ព្រះខ័នរាជស្វាយរៀង បានប្រកាសចុះកិច្ចសន្យាជាមួយកីឡាករបរទេសថ្មីម្នាក់ហើយ គឺខ្សែការពារកណ្ដាល Harvey Read ដែលធ្លាប់លេងឲ្យយុវជនថ្នាលរបស់ក្លឹប Southampton និង Stoke City ។ នេះបើយោងតាមការជូនដំណឹងរបស់ក្លឹប កាលពីពេលថ្មីៗ ។
តាមការបញ្ជាក់ខាងលើ Harvey Read គឺជាកីឡាករជនជាតិអង់គ្លេស តែកាន់លិខិតឆ្លងដែនអូស្ដ្រាលី ។ ពីដំបូងរូបគេ បានចូលលេងឲ្យក្រុមយុវជន Southampton មុនផ្ទេរទៅក្រុម Stoke City FC ហើយបានបង្ហាញខ្លួន ១រដូវកាលពេញក្នុងក្របខណ្ឌពានរង្វាន់ U18 Premier League និង Primier League 2 ដោយបានចូលរួមចំនួន ១៩ប្រកួតរកបាន ១គ្រាប់ផងដែរ ។
ប៉ុន្ដែមុនផ្ទេរមកកាន់ក្លឹបព្រះខ័នរាជស្វាយរៀង កីឡាករវ័យ ២០ឆ្នាំរូបនេះ គឺបានលេងឲ្យក្លឹបចុងក្រោយលើទឹកដីអូស្ដ្រាលី គឺក្លឹប Heidelberg United សមាជិកលីគលំដាប់ទី២ របស់អូស្ត្រាលី ។ យ៉ាងណាមិញ ចំពោះការប្រកាសនាំយកកីឡាករបរទេសទី៣ ដើម្បីត្រៀមរដូវកាលថ្មីនេះ ក្លឹបមិនបានប្រកាសពីសុពលភាពនៃកិច្ចសន្យានោះទេ ស្របពេលកាលពីពេលថ្មីៗ ស្វាយរៀង ទើបប្រកាសចែកផ្លូវជាមួយកីឡាករបរទេស ៣នាក់ រួមមានខ្សែប្រយុទ្ធប្រស៊ីល Sergio Barboza, ខ្សែបម្រើជប៉ុន Ryota Ishikawa និងអ្នកចាំទីបេឡារុស Asnin Dzmitry ៕