(ភ្នំពេញ)៖ ក្នុងឱកាសចូលរួមយុទ្ធនាការ «ភ្នំពេញស្អាត» នៅព្រឹកថ្ងៃទី​០១ ខែវិច្ឆិកា ឆ្នាំ២០១៨ ប្រធានសមាគមសិល្បករខ្មែរ និងជាប្រធានសមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម គឺអ្នកស្រី ចន ច័ន្ទលក្ខិណា បានសម្តែងនូវការគាំទ្រ ចំពោះយុទ្ធនាការនេះ និងបានធ្វើការអំពាវនាវដល់សិល្បករ-សិល្បការិនីទាំងអស់ ព្រមទាំងប្រជាពលរដ្ឋខ្មែរ គ្រប់ស្រទាប់វណ្ណៈ ចូលរួមរក្សាបរិស្ថានទាំងអស់គ្នា ដើម្បីឲ្យទីក្រុងភ្នំពេញមានភាពស្រស់បំព្រង គ្មានសំរាម និងជាទីរមណីយដ្ឋានសម្រាប់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិដ៏ពិសិដ្ឋ​។

យុទ្ធនាការ «ភ្នំពេញស្អាត»​ មានការអញ្ជើញចូលរួម ពីសំណាក់​លោក George EDGAR ឯកអគ្គរដ្ឋទូតសហភាពអ៊ឺរ៉ុប ប្រចាំព្រះរាជាណាចក្រកម្ពុជា, លោក អ៊ាង សុផល្លែត រដ្ឋលេខាធិការក្រសួងបរិស្ថាន, លោក ហួត ហៃ អភិបាលរងនៃគណៈអភិបាលរាជធានីភ្នំពេញ ព្រមទាំងលោក ហ៊ុន ម៉ានី សមាជិកនៃរដ្ឋសភា និងជាសហស្ថានិក «គម្រោងស្អាត»។

ក្នុងនោះ ក៏មានការចូលរួមយ៉ាងកក់ក្ដៅ ពីសំណាក់ភ្ញៀវកិត្តិយស ដែលជាថ្នាក់ដឹកនាំនៃបណ្តាក្រុមហ៊ុនឯកជន សមាគម អង្គការមិនមែនរដ្ឋាភិបាល ស្ថានទូត និងជាម្ចាស់ឧបត្ថម្ភ នៃគម្រោងភ្នំពេញស្អាត ព្រមទាំងសមាជិក សមាជិកា នៃក្រុមការងារប្រតិបត្តិគម្រោងស្អាត យុវជនសុឆន្ទៈស្អាត សិល្បករ-សិល្បការី ដែលទាំងអស់មានចំនួនសរុប ១៥០​នាក់។

យុទ្ធនាករនេះ មានគោលបំណង​ គឺរួមគ្នាថែរក្សាបរិស្ថាន ជាពិសេសដើម្បីផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋខ្មែរ យល់ដឹងពីបរិស្ថានស្អាត ដូចជាការណែនាំ ឲ្យប្រជាពលរដ្ឋមានចំណេះដឹង និងយល់ដឹងពីតម្លៃនៃបរិស្ថានស្អាត​ ព្រោះប្រសិនបើខិតខំតែខាងក្រសួង និងស្ថានប័នពាក់ព័ន្ធ គឺពុំអាចទៅរួចទាំងស្រុងនោះទេ ពោលគឺទាល់តែមានការចូលរួមពីមហាជន ព្រមទាំងប្រជាពលរដ្ឋទាំងអស់គ្នា ទើបបានជាផ្លែផ្កាល្អ។

ថ្លែងក្នុងឱកាសចូលរួមយុទ្ធនាការនេះ អ្នកនាង ចន ច័ន្ទលក្ខិណា ប្រធានសមាគមសិល្បករខ្មែរ បានលើកឡើងយ៉ាងដូច្នេះថា «នេះជាលើកទីមួយហើយ ដែលអ្នកនាងបានចូលរួមក្នុងយុទ្ធនាការនេះ ហើយកម្មវិធីនេះ គឺមានអត្ថប្រយោជន៍យ៉ាងខ្លាំង ក្នុងការចូលរួម និងផ្សព្វផ្សាយឲ្យបងប្អូនខ្មែរ ថែរក្សាបរិស្ថានទាំងអស់គ្នា ដើម្បីឲ្យទីក្រុងភ្នំពេញស្អាត ជាមុខមាត់របស់ប្រទេសកម្ពុជា»។

អ្នកនាងបន្តថា «បងប្អូនអ្នកសិល្បៈគ្រប់ស្រទាប់វណ្ណៈ គឺជាសកម្មជនដ៏សំខាន់បំផុត ក្នុងការជួយផ្សព្វផ្សាយអំពីបរិស្ថានស្អាត ដល់ប្រជាពលរដ្ឋ ដែលមិនទាន់យល់ដឹង ខណៈសូម្បីតែអ្នកសិល្បៈ ជាអ្នកអាចផ្សព្វផ្សាយដល់មនុស្សរាប់ពាន់នាក់ ដូច្នេះការចូលរួមពីអ្នកសិល្បៈ, សិស្សានុសិស្ស និងបងប្អូនមហាជនទូទៅ គឺសំខាន់ខ្លាំងណាស់ បន្ទាប់ពីក្រសួងបរិស្ថាន និងស្ថាប័នពាក់ព័ន្ធ»។

សូមបញ្ជាក់ថា សមាគមសិល្បករខ្មែរ ជារឿយៗតែងតែបង្ហាញការចូលរួមក្នុងសកម្មភាពសង្គមផ្សេងៗ ដូចជាការងារបរិស្ថាន បញ្ហាសុខភាព ចំណេះដឹងផ្សេង២ បន្ទាប់ពីការងារមនុស្សធម៌ ជួយដល់អ្នកសិល្បៈខ្សត់ខ្សោយ ដែលសមាគម បានគិតគូរជាចំបង។ សមាគមបានប្រកាសថា នឹងខិតខំបំផុសស្មារតីដល់សិល្បករ-សិល្បការិនី ឲ្យចូលរួមកិច្ចសង្គម​ជាច្រើនទៀត ជាមួយនឹងស្ថាប័នរដ្ឋ ឬឯកជន ​តាមអ្វីដែលអាចធ្វើទៅបាន ក្នុងន័យដើម្បីរួមចំណែកកសាងប្រទេសជាតិទាំងអស់គ្នា៕