(ភ្នំពេញ)៖ ភាពយន្តថ្មីមួយទៀត ត្រៀមស្វាគមន៍អ្នកគាំទ្រចុងឆ្នាំ២០១៨នេះ ត្រូវបានគេទម្លាយឲ្យដឹងថា បានរៀបរាប់ពីប្រវត្តិមេចោរដ៏ល្បីល្បាញ នៅក្នុងប្រទេសកម្ពុជា គឺ «មេចោរអារ៉ាស្មាច់» មាននៅក្នុងរឿង «កូនក្រក» ជាវណ្ណកម្មរបស់ផលិតកម្ម LD Picture ដែលជាការដឹកនាំសម្ដែងរបស់នាង ពែកមី ខណៈដែលរឿងនេះគ្រាន់ត្រូវបានផលិតករ រំពឹងយ៉ាងមុតមាំថា នឹងទទួលបានជោគជ័យខ្ពស់ ពេលដាក់បញ្ចាំងតាមបណ្ដារោងភាពយន្តនានា ជាផ្លូវការ។

ជាការកត់សម្គាល់ មានការតំណាលត្រួសៗ ពីមេចោរដ៏ល្បីលំដាប់អន្តរជាតិ កាលពី១៩ឆ្នាំមុនពី «រ៉ាស្មាច់» កំពុងធ្វើឲ្យភាពយន្តរឿង «កូនក្រក» ក្លាយជាទីចំណាប់អារម្មណ៍ថ្មីប្លែកពីសំណាក់ទស្សនិកជន។ ភាពយន្តរឿង «កូនក្រក» ដែលជាស្នាដៃដឹកនាំរឿង ពីសំណាក់តារាកំប្លែងដ៏ល្បី គឺនាយ ពាក់មី បានដកស្រង់ និងការយកប្រវត្តិត្រួសៗ នៃការជឿលើកូនក្រក របស់មេចោរ អារ៉ាស្មាច់ បានធ្វើឲ្យភាពយន្តនេះក្លាយជាការទន្ទឹងរង់ចាំ ពីសំណាក់អ្នកទស្សនា។

ចាងហ្វាងផលិតកម្ម LD Picture លោក លៀក លីដា បានលើកឡើងថា រឿង «កូនក្រក» គឺជាស្នាដៃសម្រិតសម្រាំងមួយរបស់ផលិតកម្ម សម្រាប់ជាចំណីអារម្មណ៍ របស់អ្នកទស្សនានាចុងឆ្នាំ២០១៨នេះ។ អ្វីដែលពិសេសស្នាដៃនេះ គឺផ្ដោតសំខាន់លើជំនឿលើកូនក្រក ដែលប្រជាជនខ្មែរ តែងមានជំនឿខ្លាំងនាពេលកន្លងមក។ រឿងនេះយើងមិនមែននិយាយពីប្រវត្តិពិតរបស់មេចោរ អារ៉ាស្មាច់ទេ ក៏ប៉ុន្តែយើងគ្រាន់តែលើកមកត្រួសៗប៉ុណ្ណោះ ដោយផ្ដោតសំខាន់លើការជំនឿលើកូនក្រក។

លោក លៀក លីដា បង្ហាញពីការរំពឹងទុកថា ស្នាដៃថ្មីរបស់ផលិតកម្ម LD Picture មួយនេះ ពិតជាទាក់ទាញខ្លាំងសម្រាប់អ្នកទស្សនា ព្រោះមិនត្រឹមតែបង្ហាញពីការជំនឿលើកូនក្រកប៉ុណ្ណោះទេ គឺថែមទាំងមានឈុតឆាកជាច្រើនទៀត ប្រជុំដោយតារាល្បីៗចូលរួមសម្ដែង។

សូមបញ្ជាក់ថា ភាពយន្តរឿង «កូនក្រក» ដែលនិយាយរឿងត្រួសៗពីមេចោរ រ៉ាស្មាច់ នឹងចាក់បញ្ចាំងជាផ្លូវការចាប់ពីថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៨នេះតទៅ នៅគ្រប់រោងភាពទំនើបនានា ទាំងភ្នំពេញ និងខេត្តសៀមរាប។

ចង់ដឹងថា ស្នាដៃនេះទាក់ទាញកម្រិតណា សូមទស្សនា Trailer ដូចខាងក្រោមនេះ៖