(ភ្នំពេញ)៖ ជាការពិត​កញ្ញា សោភា ទេពី បច្ចុប្បន្នគឺជាតារាចម្រៀងមួយដួង ​មានភាពល្បីល្បាញសមល្មម បើប្រៀបធៀបនឹងតារារួមជំនាន់ ព្រមទាំងមានប្រជាប្រិយភាពខ្លាំង តាមរយៈបទចម្រៀងដែលមានចំណងជើងថា «អ្នកណាកែចិត្តបង»។ ទន្ទឹមគ្នានឹងភាពល្បីល្បាញនេះ​ មួយរយៈមុននាងបានរងនូវពាក្យថាជា «ក្រពើវង្វេងបឹង» ពីសំណាក់ផលិតកម្ម Zone។ តើពាក្យប៉ុន្មានម៉ាត់នេះ មានអត្ថន័យយ៉ាងណា តើអាចទទួលយកបានទេ សម្រាប់តារាស្រីពន្លកថ្មីម្នាក់នេះ? នាងនឹងមកបកស្រាយឲ្យទស្សនិកជនបានជ្រាប ក្នុងកម្មវិធី «អាថ៌កំបាំងក្រៅឆាករបស់តារា» នៅថ្ងៃសៅរ៍ចុងសប្តាហ៍នេះ។

ជាក់ស្តែង​កញ្ញា ញឹម សួនសោភាទេពី ត្រូវបានគេដឹងថា ជាអតីតបេក្ខនារីក្នុងកម្មវិធីប្រឡងចម្រៀង លំដាប់ថ្នាក់ពិភពលោក «Cambodian Idol» រដូវកាលទី៣ តែនាងមិនបានទទួលជយលាភីនោះទេ។ យ៉ាងណាមិញ បច្ចុប្បន្ននាងបានសាងកេរ្តិ៍ឈ្មោះឲ្យល្បីល្បាញ មានទស្សនិកជនស្គាល់ច្រើន ទោះមិនបានទទួលពានក្តី ក្នុងនោះបើគេនៅចាំមិនភ្លេចបទចម្រៀង ដែលនាងបកស្រាយមានចំណង​ជើងថា «អ្នកណាកែចិត្តបង» របស់ផលិតកម្ម Zone ក៏ទទួលបានការគាំទ្រយ៉ាងខ្លាំង​ក្លា។ ប៉ុន្តែបន្ទាប់ពីបទនេះល្បីហើយ មូលហេតុអ្វីបាន តារារូបនេះទទួលរងនូវពាក្យថាជា «ក្រពើវង្វេងបឹង» ទៅវិញ?

ដូច្នេះដើម្បីឲ្យមហាជនជ្រាបកាន់តែច្បាស់ កញ្ញា សោភា ទេពី នឹងចូលរួមជាតារាកិត្តិយសក្នុង កម្មវិធី «អាថ៌កំបាំងក្រៅឆាករបស់តារា» នៅថ្ងៃសៅរ៍ចុងសប្តាហ៍នេះ ដើម្បីបកស្រាយជុំវិញរឿងរ៉ាវទាំងនេះ។ កម្មវិធី «អាថ៌កំបាំងក្រៅឆាករបស់តារា» មានការផ្សាយផ្ទាល់ពីទូរទស្សន៍ Fresh News និង Khmer Talking នៅល្ងាចថ្ងៃសៅរ៍ ទី០៣ ខែវិច្ឆិកា ម៉ោង​៧៖០០នាទី ដល់ម៉ោង​៨៖០០ នាទីយប់ ចុងសប្តាហ៍នេះ ហើយនឹងត្រូវចាក់ផ្សាយឡើងវិញ នៅថ្ងៃអាទិត្យទី០៤ ខែវិច្ឆិកា វេលាម៉ោងដដែល៕