(ភ្នំពេញ)៖ រឿង «កូនក្រក» ជា ភាពយន្តថ្មីមួយទៀតសំរាប់ចុងឆ្នាំ២០១៨នេះ ត្រូវបានគេឲ្យដឹងថា បានរៀបរាប់ពីប្រវត្តិមេចោរដ៏ល្បីល្បាញ នៅក្នុងប្រទេសកម្ពុជានាចុងសតវត្សរ៍ទី២០គឺ «មេចោរអារ៉ាស្មាច់»នេះ ជាវណ្ណកម្មរបស់ផលិតកម្ម LD Picture ដែលជាការដឹកនាំសម្ដែងរបស់នាង ពែកមី ខណៈដែលរឿងនេះគ្រាន់ត្រូវបានផលិតករ រំពឹងយ៉ាងមុតមាំថា នឹងទទួលបានជោគជ័យខ្ពស់ ពេលដាក់បញ្ចាំងតាមបណ្ដារោងភាពយន្តនានាជាផ្លូវការ។

ជាការកត់សម្គាល់ មានការ​តំណាល​​ត្រួសៗ ​​ពី​មេចោរ​​ដ៏​ល្បី​​លំដាប់​​អន្តរជាតិ​​ កាល​​ពី​១៩​ឆ្នាំ​​មុន​​ពី «រ៉ាស្មាច់» កំពុង​​ធ្វើ​ឲ្យ​ភាព​យន្ត​រឿង «កូន​ក្រក» ក្លាយ​​ជា​ទី​​ចំណាប់​​អារម្មណ៍​​ថ្មី​​ប្លែក​​ពី​សំណាក់​​ទស្សនិក​ជន។ ភាព​យន្ត​រឿង «កូន​ក្រក» ដែល​​ជា​ស្នាដៃ​​ដឹក​នាំ​​រឿង​​ ពី​សំណាក់​​តារា​​កំប្លែង​​ ​​គឺ​​នាយ ពាក់មី បាន​​ដក​​ស្រង់​ និង​​ការ​​យកប្រវត្តិ​​ត្រួសៗ នៃ​​ការ​ជឿ​​លើ​​កូន​​ក្រក របស់​​មេចោរ អារ៉ាស្មាច់ បាន​​ធ្វើឲ្យ​​ភាពយន្ត​​នេះ​​ក្លាយ​​ជា​​ការ​ទន្ទឹង​​រង់ចាំ ​​ពី​សំណាក់​​អ្នក​​ទស្សនា។

​ចាងហ្វាង​ផលិត​កម្ម LD Picture លោក លៀក លីដា បាន​​លើក​​ឡើង​​ថា រឿង ​«កូនក្រក» គឺ​ជា​​ស្នាដៃ​​សម្រិត​សម្រាំង​​មួយ​​របស់​​ផលិត​កម្ម​​ ​​សម្រាប់​​ជា​ចំណី​អារម្មណ៍​​ របស់​​អ្នក​​ទស្សនា​​នា​​ចុង​​ឆ្នាំ​​២០១៨​​នេះ។ អ្វី​ដែល​​​ពិសេស​​ស្នាដៃ​​នេះ ​​គឺ​ផ្ដោត​​សំខាន់​​លើ​​ជំនឿ​​លើ​កូន​​ក្រក ដែល​​ប្រជាជន​​ខ្មែរ​​ តែង​​មាន​​ជំនឿ​​ខ្លាំង​​នាពេល​​កន្លង​​មក។​ រឿង​នេះ​​យើង​​មិនមែន​​និយាយ​​ពី​ប្រវត្តិ​​ពិត​​របស់​មេចោរ អារ៉ាស្មាច់​ទេ ក៏ប៉ុន្តែ​​យើង​​គ្រាន់តែ​​លើក​​មក​​ត្រួសៗ​​ប៉ុណ្ណោះ​ ដោយ​​ផ្ដោត​​សំខាន់​​លើ​ការ​​​ជំនឿ​លើ​កូន​​ក្រក​។

លោក លៀក លីដា បង្ហាញ​​ពី​ការ​រំពឹង​​ទុក​ថា​​ ស្នាដៃ​​ថ្មី​របស់​​ផលិត​កម្ម LD Picture មួយ​​នេះ​​ ពិតជា​​ទាក់ទាញ​​ខ្លាំង​​សម្រាប់​​អ្នក​​ទស្សនា ព្រោះ​មិន​ត្រឹម​តែ​​បង្ហាញ​​ពី​ការ​​ជំនឿ​​លើ​កូន​ក្រក​ប៉ុណ្ណោះ​​ទេ គឺ​ថែម​​ទាំង​​មាន​​ឈុត​​ឆាក​ជា​ច្រើន​​ទៀត ​ប្រជុំ​ដោយ​​តារា​​ល្បីៗ​​ចូល​​រួម​​សម្ដែង។

សូមបញ្ជាក់ថា ​ភាព​យន្ត​​រឿង​ «កូន​ក្រក» ដែលនិយាយរឿង​​ត្រួសៗ​​ពី​​មេ​ចោរ រ៉ាស្មាច់ នឹង​​ចាក់​​បញ្ចាំង​ជា​ផ្លូវការ​​ចាប់​​ពី​ថ្ងៃទី០​៩ ខែ​វិច្ឆិកា ឆ្នាំ​​២០១៨​​នេះ​តទៅ​​ នៅ​​គ្រប់​​រោង​ភាព​​ទំនើប​​នា​នា ទាំង​​ភ្នំពេញ និង​ខេត្ត​សៀមរាប៕