(ភ្នំពេញ)៖ បន្ទាប់ពីទទួលបានដំណឹងថា​សាលា​ឧទ្ធរណ៍​ បានប្រកាស​បដិសេធ​បណ្ដឹងទាស់ របស់​លោក គុយ សិទ្ធិស័ក្ត ក្នុង​សំណុំ​រឿង​ ទម្លាយ​រូបអាក្រាតរបស់នាងរួចមក​ ប្រធានសមាគម​សិល្បករខ្មែរ អ្នកនាង ចន ច័ន្ទលក្ខិណា ដែលតែងតែចូលរួមរកយុត្តិធម៌ ជូនដល់សិល្បករ- សិល្បការិនីកម្ពុជា បានសម្ដែង​នូវអារម្មណ៍សាទរ នៅពេលដែលដឹងដំណឹងថា កញ្ញា វ៉ាន់ នីឡា ទទួលបានពន្លឺយុត្តិធម៌ពី ពីសាលា​ឧទ្ធរណ៍ កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨នេះ។

អ្នកនាង ចន ច័ន្ទលក្ខិណា ​ប្រធាន​សមាគម​​សិល្បករខ្មែរ បានថ្លែងប្រាប់ឲ្យដឹងថា អ្នកនាងពិតជាសប្បាយរីករាយខ្លាំងណាស់ នៅពេលដែលទទួលបានដំណឹងថា សាលាឧទ្ធរណ៍ បានធ្វើការបដិសេធ​បណ្ដឹងរបស់លោក គុយ សិទ្ធិស័ក្ត យុត្តិធម៌មួយ នេះជាការផ្ដល់យុត្តិធម៌​ សម្រាប់កញ្ញា វ៉ាន់ នីឡា ដែលជាជនរងគ្រោះ ហើយក្នុងនាមជាប្រធានសមាគម​មួយរូប គឺតែងតែផ្ដល់នូវមេធាវី ទៅឲ្យកញ្ញា វ៉ាន់ នីឡា ដើម្បីការពារក្ដីទៅតាមផ្លូវច្បាប់ ក្នុងនាម​ជាអ្នកសិល្បៈដូចជាគ្នា​។ ពាក់ព័ន្ធជាមួយនឹងរឿងរ៉ាវ មិនសមរម្យចំនួន ដែលកើតមានឡើង​ទៅលើអ្នកសិល្បៈ ហើយមិនសំខាន់តែចំពោះ​ កញ្ញា វ៉ាន់ នីឡា មួយរូបនោះទេ គឺខាងសមាគម​តែងតែផ្ដល់មេធាវី ដើម្បីជួយកិច្ចការ តាមផ្លូវច្បាប់ ​ជួយរកយុត្តិធម៌ ជូនដល់អ្នកសិល្បៈជានិច្ច​។

អ្នកនាង ចន ច័ន្ទលក្ខិណា បានថ្លែងយ៉ាងដូច្នេះថា «​ខ្ញុំពិតជារីករាយ ដែលទទួលបានដំណឹងថា សាលាឧទ្ធរណ៍​បានផ្ដល់យុត្តិធម៌ ជូនដល់ប្អូនស្រី វ៉ាន់ នីឡា ដោយបានបដិសេធបណ្ដឹង របស់លោក គុយ សិទ្ធិស័ក្ត ហើយបើសិនជាមានបញ្ហាអ្វីផ្សេងទៀត ឬក៏ចំណាត់ការផ្សេងៗបន្តទៀត ដែលត្រវឲ្យខាងសមាគម​ជួយ​ជ្រោមជ្រែង គឺយើងនៅតែគាំទ្រ និងជួយផ្ដល់ជាមេធាវីបន្តទៀត បើសិនជារឿងរ៉ាវនេះ នៅតែបន្តទៅដល់តុលាការកំពូល​»

គួរបញ្ជាក់ថា អ្នកនាង ចន ច័ន្ទលក្ខិណា ដែលតែងតែជួយជ្រោមជ្រែង ផ្ដល់ជាមេធាវី ដើម្បីជួយរកយុត្តិធម៌ ដល់កញ្ញា វ៉ាន់ នីឡា សំរាប់ដំណើរការក្ដីនេះផងដែរ៕