(ក្រុងឡុងដ៍)៖ កីឡាករខ្សែបម្រើប្រយុទ្ធ Paul Pogba នៃក្លឹបបិសាចក្រហម Manchester United ត្រូវបានពិន័យឲ្យបង់ទឹកប្រាក់ប្រមាណ ៣៥០ផោន ពីបទចោទប្រកាន់បើកបរលើសល្បឿនកំណត់ ដែលកើតឡើងតាំងពីឆ្នាំ២០១៧ ដែលត្រូវបានចៅក្រមទីក្រុង Preston លើកយកមកបើកសវនការ ដោយពុំមានវត្តមានកីឡាករស្បែកខ្មៅឡើយនាថ្ងៃចន្ទ ទី២៩ ខែតុលា នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានអង់គ្លេស Dailymail។

កាលពីឆ្នាំ២០១៧ Pogba បានបើករថយន្ត Mercedes របស់ខ្លួនក្នុងល្បឿន ៤០គីឡូម៉ែត្រ ក្នុង១ម៉ោង នៅតំបន់ដែលគេអនុញ្ញាតឲ្យបើកត្រឹមតែ ៣០គីឡូម៉ែត្រ ក្នុង១ម៉ោង។

ចៅក្រមតុលាការក្រុង Preston បានចោទប្រកាន់ Pogba ព្រោះមិនបានផ្តល់ព័ត៌មានលម្អិតដល់ប៉ូលិស ក្រោយពីបានឃើញរថយន្ត Mercedes របស់ Pogba ខូច ហើយចតចោលលើផ្លូវ London Road កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧។

បន្ទាប់ពីប៉ូលិសរកឃើញថា កីឡាករវ័យ ២៥ឆ្នាំនេះ បើកលើសល្បឿនកំណត់ ប៉ូលិសបានដកហូតប័ណ្ណបើកបរ ហើយគាត់ប្រើប័ណ្ណបើកបរបណ្តោះអាសន្ន លើសពីការពិន័យ ៣៥០ផោន Pogba ក៏ត្រូវតុលាការបញ្ជាឲ្យបង់ប្រាក់ ១១៥ផោន និងបន្ថែម ៣៥ផោនទៀតពីការមិនចូលខ្លួនបកស្រាយនៅតុលាការនាទីក្រុង Preston ក្រោយប៉ូលិសបានកោះហៅ៕