(ភ្នំពេញ)៖ មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល (ACF) ​ដែលជាអង្គការគាំទ្រ ទាំងបច្ចេកទេសច្បាប់ ​និងហិរញ្ញវត្ថុដល់ក្រុមប្រឹក្សាអាជ្ញាកណ្តាល ក្នុងការដោះស្រាយវិវាទ​ការងារឲ្យបានឆាប់រហ័ស និងឯករាជ្យ បានសហការណ៍ជាមួយក្រុមភាពយន្ត «ឈូករ័ត្ន» រៀបចំកម្មវិធី​ ប្រគល់ពានរង្វាន់ជូនដល់ជយលាភី ចំនួន៤រឿងផ្សេងទៀត ក្នុងការប្រកួតប្រជែងភាពយន្តខ្លី កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៨ ក្នុងព្រឹត្តិការណ៍មហោស្រពភាពយន្តខ្លីចតុមុខ លើកទី៧ នាសាលសន្និសីទចតុមុខ។

ក្នុងការប្រកាសនោះ​មានភាពយន្តខ្លីចំនួន៥ បានទទួលពានរង្វាន់ ក្នុងនោះមានដូចជារឿង «អ្នកណាជួយខ្ញុំ» ជាវីដេអូស្តីពីការចូលរួមចំណែក របស់ក្រុមប្រឹក្សាអាជ្ញាកណ្តាល ក្នុងវិស័យការងារកម្ពុជា ទទួលបានពានរង្វាន់លើកទឹកចិត្ត ៦០ម៉ឺនរៀល, រឿង «ខឹងខុសខឹងខាត» ជយលាភីលេខ៣ ទទួលបានទឹកប្រាក់២លានរៀល, រឿង «សំឡេងវិទ្យុ»​ ទទួលជយលាភីលេខ ២ ទទួលបានទឹកប្រាក់ចំនួន​២លាន៨០ម៉ឺនរៀល និងរឿង «បន្ទប់ជួល» ទទួលបានជយលាភីលេខ១ ចំនួន​​៤លានរៀល។

សូមបញ្ជាក់ថា​ នេះគឺជារដូវកាលទី២ហើយ របស់​មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល ដែលមានបំណងលើកកំពស់ ការយល់ដឹងដល់សាធារណជន ចំពោះយន្តការដោះស្រាយវិវាទ ប្រកបដោយសន្តិវិធី ដើម្បីពង្រឹងទំនាក់ទំនងវិជ្ជាជីវៈ និងរួមចំណែកដល់កំណើនសេដ្ឋកិច្ចជាតិ។ ​ការប្រកួតប្រជែងនេះ ក៏មានការសហការ​ជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ទីភ្នាក់ងារការអភិវឌ្ឍអន្តរជាតិ របស់សហរដ្ឋអាមេរិក (USAID) និងភ្នាក់ងារសហប្រតិបត្តិការ អភិវឌ្ឍអន្តរជាតិនៃប្រទេសស៊ុយអ៊ែត (SIDA) ក្រុមហ៊ុន GAP Inc. និងមូលនិធិ Levi Strauss ផងដែរ៕