(ភ្នំពេញ)៖ សម្រាប់គំនិតលោក គួច ខេវិន អ្នកផលិតកម្មវិធីទទូរទស្សន៍និងបានក្លាយជាស្ថាបនិកផ្ដួចផ្ដើមគំនិត បង្កើតក្លឹបសម្រាប់មិត្តសិល្បៈ និងសង្គមឲ្យ ក្លាយជាមជ្ឈមណ្ឌលមួយស្វែងរកទីផ្សារ សម្រាប់ការសម្ដែងរបស់សិល្បករ-សិល្បការិនី គ្រប់ស្រទាប់ គ្រប់វ័យ គ្រប់ទិសទី ដើម្បីរកថវិកាសម្រាប់ជាប្រយោជន៍ និងជួយបរិច្ចាគដល់មិត្តភក្ដិ ក្នុងសង្គមសិល្បៈផង និងសម្រាប់ទុរគតជននៅក្នុងសង្គម ហើយទទួលបានការស្វាគមន៍ និងគាំទ្រពេញទំហឹង ​ពីសំណាក់តារាចម្រៀង ខេមរៈ សិរីមន្ត, កញ្ញា សុខ ពិសី ព្រមទាំងសិល្បករ-សិល្បការិនីល្បីៗលំដាប់ប្រទេសជាច្រើនដួងទៀត។

លោក គួច ​ខេវិន​ ជាអ្នកផលិតកម្មវិធីទូរទស្សន៍ជាន់ខ្ពស់ម្នាក់ បានឲ្យដឹងថា ក្លឹបសម្រាប់មិត្តសិល្បៈ និងសង្គមនេះទទួលការបរិច្ចាគថវិកា​ ពីសិល្បករ-សិល្បការិនីសប្បុរសជន​ក្នុង និងក្រៅប្រទេសដោយស្ម័គ្រចិត្ត ដើម្បីធ្វើសកម្មភាពជាប្រយោជន៍ ដល់សិល្បករ សិល្បការិនី និងសង្គម។ ថ្មីៗនេះ លោកក៏បានចុះទៅសួរសុខទុក្ខ និងបានពាំនាំយកថវិកាមួយចំនួនជួនដល់សិល្បករ ដែលកំពុងតែមានជំងឺសម្រាកព្យាបាល នៅតាមមន្ទីពេទ្យ ហើយលោកក៏មានគម្រោង ជួយឧបត្ថមថវិការបស់ក្លឹបសម្រាប់មិត្តសិល្បៈ និងសង្គមដល់តារាដែលខ្វះទីពឹង នូវប្រាក់ប្រចាំសប្ដាហ៍ ឬប្រចាំខែទៅតាមលទ្ធភាពដែលក្លឹបមាន ផងដែរ។

គំនិតផ្ដួចផ្ដើមនេះ ត្រូវបានតារាចម្រៀងល្បីៗលំដាប់ប្រទេសជាច្រើនដួង គាំទ្រចំពោះលោក គួច ខេវិន ដែលបង្កើតក្លឹបសម្រាប់​មិត្តសិល្បៈ និងសង្គមនេះចេញជារូបរាងឡើង។ លោក ខេមរៈ សិរីមន្ដ បានថ្លែងឲ្យដឹងថា «ខ្ញុំរីករាយ និងសប្បាយចិត្តមែនទែន ដែលលោក ​គួច ខេវិន បានបង្កើតក្លឹបសម្រាប់មិត្តសិល្បៈ និងសង្គមនេះឡើង។ ខ្ញុំសូមគាំទ្រយ៉ាងពេញទំហឹង ហើយខ្ញុំនឹងចូលរួមថវិកា ដល់ក្លឹបនេះ ហើយខ្ញុំជឿនឹងមានសិល្បករយើងជាច្រើនទៀត ដែលចូលរួមជាមិនខាន»

ដោយឡែក ស្រីស្អាត សុខ ពិសី ក៏បានថ្លែង​ឲ្យដឹងថា «ខ្ញុំសប្បាយចិត្តណាស់ ដែលបានបរិច្ចាកថវិកា ជួយដល់ក្លឹបសម្រាប់មិត្តសិល្បៈ និងសង្គមនេះ ទោះជាតិចឬច្រើនក្ដី ព្រោះអាចជួយដល់សិល្បករចាស់ៗ ដែលគាត់កំពុងតែខ្វះខាត។ ខ្ញុំសូមអំពាវនាវទៅដល់បងប្អូន ក៏ដូចជាសិល្បករទាំងអស់ សូមជួយបរិច្ចាគនូវថវិកាផ្ទាល់ខ្លួន ដល់ក្លឹបសិល្បៈ របស់យើងនេះផង»

លោក ងួន ចាន់ដេវីត និយាយ​ថា «ខ្ញុំសប្បាយចិត្ត ដែលបានបរិច្ចាគថវិកាជូនដល់ក្លឹបសម្រាប់មិត្តសិល្បៈ និងសង្គមដែលបង្កើតឡើង ដោយលោក គួច ខេវិន។ ខ្ញុំសូមឲ្យសិល្បករទាំងអស់ចូលរួមជាមួយយើង ទាំងអស់គ្នាបរិច្ចាកតាមលទ្ធភាពផង»

អ្នកនាង ចេន សាយចៃ អះអាងថា «ខ្ញុំសូមគាំទ្រក្លឹបសម្រាប់មិត្តសិល្បៈ និងសង្គម»។ ចំណែកឯនាយ ចឺម បានថ្លែងថា «ក្លឹបសម្រាប់មិត្តសិល្បៈ និងសង្គមគឺជាមូលនិធិ សម្រាប់ជួយសិល្បករសិល្បការិនី និងសង្គម។ កុំភ្លេចជួយគាំទ្រទាំងអស់គ្នាផងបាទ»

លោកម៉ា ដូណា ថ្លែងថា «ក្លឹបសម្រាប់មិត្តសិល្បៈនិងសង្គម គឺជាមូលនិធិសិល្បករ-សិល្បការិនី និងសង្គម។ សូមជួយលើកតំកើង និងគាំទ្រទាំងអស់គ្នាណា!»