(ក្រុងឡុងដ៍)៖ ក្រុម Derby County ដែលមានគ្រូបង្វឹក Franck Lampard ដឹកនាំបានជ្រុះចេញពីពានរង្វាន់លំដាប់ទី ២ អង់គ្លេស League Cup រដូវកាលឆ្នាំ២០១៨-២០១៩ ក្រោមថ្វីជើងរបស់តោខៀវ Chelsea ក្នុងលទ្ធផល ៣-២ ដែលជាអតីតក្លឹបចាស់របស់ខ្លួន។

ក្រុមកីឡាករ Derby County បានធ្វើការវាយបកតាមស្មើ ២-២ ត្រឹមចាប់ផ្តើមលេងបាន ២៧នាទីក្នុងវគ្គទី១ មុនពេល កីឡាករអេស្ប៉ាញ Cesc Fabregas បានស៊ុតគ្រាប់ជ័យជម្នះឲ្យ Chelsea នៅនាទីទី៤១ រហូតដល់ចប់ការប្រកួតពេញម៉ោង ៩០នាទីនៅកីឡដ្ឋាន Stamford Bridge ក្នុងជុំទី៤ នៃពានរង្វាន់ League Cup។

ទោះបីមិនអាចដឹកនាំក្រុមដែលកំពុងលេងក្នុងក្របខណ្ឌទី២ អង់គ្លេស Championships ឡើងទៅជុំទី៥ បន្តក៏ពិតមែន ក៏ប៉ុន្តែ Lampard ត្រូវបានអ្នកគាំទ្រស្វាគមន៍យ៉ាងកក់ក្តៅនៅ Stamford Bridge នាយប់មិញនេះ បន្ទាប់ពីចំណាយពេល ១៣ឆ្នាំលេងនៅទីនេះ ជាមួយនឹងការចូលលេងបាន ៦៤៨ប្រកួត។

Lampard បានដឹកនាំ Derby County ទម្លាក់ក្នុងក្រុមខ្លាំងនៅ Premier League, Manchester United កាលពីជុំទី៣ នៃ League Cup ដ៏គួរឲ្យភ្ញាក់ផ្អើល ដោយបាល់ប៉េណាល់ទី ៨-៧ ក្នុងខណៈដែលដឹកនាំក្លឹបអាជីពមិន ទាន់បាន ១រដូវកាលផងនោះ៕