(ភ្នំពេញ)៖ កាលពីពេលថ្មីៗនេះ ក្រុមភាពយន្ត «ឈូករ័ត្ន» បានបង្កើតកម្មវិធីប្រកួតប្រជែង ខ្សែភាពយន្តខ្នាតខ្លី ដោយបើកឱកាសឲ្យសមិទ្ធិករគ្រប់រូប អាចដាក់ពាក្យ ចូលរួមប្រឡង បញ្ចេញស្នាដៃ សមត្ថភាព និងទេពកោសល្យ ដែលខ្លួនមានដាក់បញ្ចាំងនៅលើអេក្រង់ធំ ដើម្បឲ្យគណៈកម្មការ ត្រួតពិនិត្យ សុភវិនិច្ឆ័យ ទៅតាមសមត្ថភាពរៀងៗខ្លួន ហើយនៅទីបំផុត គេអាចរកមឃើញម្ចាស់ជយលាភីលេខ១ ហើយ គឺបានទៅលើខ្សែភាពយន្តភាគខ្មែរ មានចំណងជើងថា «ខ្យល់ខែកុម្ភៈ» ដែលត្រូវបានគណៈកម្មការមហោស្រពភាពយន្តខ្លីចតុមុខ និង មហាជនគាំទ្រ ត្រូវបានជ្រើសរើសជាភាពយន្តឆ្នើម ប្រចាំមហោស្រពលើកទី៧ ឆ្នាំ​២០១៨។

«ខ្យល់ខែកុម្ភៈ» ជាការដឹកនាំសម្ដែងដោយលោក មុនី កាន់​ដារង្គ ដោយត្រូវបានចំណាយពេលប្រមាណ​១​ខែ ក្នុងការសរសេរសាច់រឿង សម្ដែង និងបច្ចេកទេសនៃការកាត់ត ខណៈសាច់រឿងត្រូវបានក្រុមផលិត ធ្វើដំណើររហូតដល់ប្រទេសថៃ ឯណោះ។ ចំពោះដើមទុននៃការផលិត គឺចំណាយប្រាក់ប្រមាណជាង​ ៧០០០ដុល្លារ។ ដោយឡែកចំពោះអត្ថន័យក្នុងសាច់រឿង ជាស្នេហាបែបយុវវ័យ មានភាពជូរចត់​បែកបាក់ ហើយអត្ថន័យនៅក្នុងរឿងនេះ គឺចុងក្រោយតម្រូវឲ្យមានការបែកបាក់គ្នា​​​។​​​

លោក មុនី កាន់ ដារង្គ បានបញ្ចេញទាំងអារម្មណ៍រំភើប រីករាយរបស់ខ្លួនថា នេះគឺជាលើកដំបូង​ហើយ ដែលខ្លួនទទួលបានពានបែបនេះ​​ អាចនិយាយបានថា នេះជាជោគជ័យជំហានដំបូងរបស់ខ្លួន ក្នុងការឈានទៅរកគោលដៅថ្មីមួយទៀត។

លោក បាននិយាយថា «ខ្ញុំពិតជាមានទឹកចិត្ត សប្បាយរីករាយ និងរំភើបជាខ្លាំង ដែលខ្សែភាពយន្តរបស់ខ្ញុំបានជាប់ចំណាត់ថ្នាក់លេខ១​។ អាចចាក់ផ្សាយនៅលើអេក្រង់ធំនេះហាក់បីដូចជាកិត្តិយសមួយសម្រាប់ខ្ញុំ ហើយពានរង្វាន់នេះកើតឡើងបាន ដោយសារតែមានការជួយជ្រោមជ្រែងពីមិត្តរួមការងារ​​ ពោលគឺមិនមែនមានតែខ្ញុំម្នាក់នោះទេ​ដែលធ្វើឲ្យការងារមួយនេះ​ ទទួលបានជោគជ័យ​​ គឺបានចូលរួមការខិតខំប្រឹងប្រែងពីក្រុមការងារទាំងអស់គ្នា។ ដោយឡែកនៅថ្ងៃអនាគត​​ ខ្ញុំនឹងខិតខំប្រឹងប្រែងជួយលើកស្ទួយវិស័យ​​ផលិតខ្សែភាពយន្តខ្មែរ​​ ឲ្យកាន់តែមានភាពរីកចម្រើន​​ ឲ្យអស់ពីសមត្ថភាព​ ហើយក្ដីស្រមៃរបស់ខ្ញុំ គឺចង់ក្លាយ​ចង់ផលិតខ្សែភាពយន្តធំ​​ ដើម្បីដាក់បញ្ចាំងនៅរោងកុន​ ក្នុងប្រទេសកម្ពុជា​។ ដូច្នេះពេលនេះ​ខ្ញុំកំពុងតែព្យាយាមផលិតខ្សែភាពយន្តខ្នាតវែង​​​ និងសរសេរសាច់រឿងខ្លី​បន្ថែមទៀតផងដែរ»។​​

លោកបន្តថា «ខ្ញុំក៏មានបំណងជំរុញឲ្យផលិតករជំនាន់ក្រោយ​ ចូលរួមប្រកួតប្រជែង​ ខ្សែភាពយន្តខ្នាតខ្លី​ ដោយសារតែនេះ គឺជាពេលវេលាដ៏ល្អមួយ​ ដើម្បីអាចដាក់បញ្ចាំងខ្សែភាពយន្តរបស់ខ្លួននៅលើអេក្រង់ធំ»។ ដោយឡែកមុនពេលទទួលបានជោគជ័យ​ បុរសវ័យ​ ២៩ ឆ្នាំរូបនេះ​​ ធ្លាប់សិក្សាខាងវិស័យភាពយន្ត​ និងធ្វើជំនួយការភាពយន្តរយៈពេល​៦ឆ្នាំមកហើយ​ ដូច្នេះខ្លួនមានក្ដីស្រមៃបង្កើតខ្សែភាពយន្តដោយខ្លួនឯង។

គួររំឭកថាមហោស្រពភាពយន្តខ្លី ចតុមុខលើកទី៧ បានទទួលយកភាពយន្តខ្លី តាំងពីដើម ឆ្នាំ២០១៨មកម្ល៉េះ ដោយមានសមិទ្ធិករដាក់ភាពយន្តខ្លីមកមហោស្រពចំនួន ៣០១ចំណងជើង មានភាពយន្តខ្មែរចំនួន៣៩ចំណងជើង និងបរទេសចំនួន២៦២ចំណងជើង។ ​ក្នុងនោះដែរ គណៈវិនិច្ឆ័យ បានជ្រើសរើសរឿងក្នុងជុំប្រកួតប្រជែងទី១ ដែលមានភាពយន្តខ្លីខ្មែរ ចំនួន៦ចំណងជើង និងភាពយន្តខ្លីបរទេសចំនួន១២ចំណងជើង និងភាពយន្តខ្លីចំរុះផ្សេងទៀត ចំនួន៥៩ចំណងជើង សរុបមាន ចំនួន៧៧ ចំណងជើង ត្រូវបានចាក់បញ្ចាំង៕