(ភ្នំពេញ)៖ ក្រោយដេករង់ចាំយុត្តិធម៌រាប់ខែរាប់ឆ្នាំរួចមក តារាចម្រៀង កញ្ញា វ៉ាន់ នីឡា ដែលត្រូវជាប្អូនស្រីរបស់លោក សុខ ជំនោរ ហាក់បានសម្រេចក្តីបំណងជាង ៨០ភាគរយហើយ ខណៈសាលាដំបូងរាជធានីភ្នំពេញ បានចេញសាលក្រមបង្គាប់ឲ្យលោក គុយ សិទ្ធិស័ក សងសំណងជំងឺចិត្ត និងជាប់ទោស។ ទន្ទឹមគ្នានេះ ខាង​ជនចាប់ចោទ បានប្តឹងជំទាស់ទៅសាលាឧទ្ធរណ៍ តែត្រូវបានសាលាឧទ្ធរណ៍បដិសេធ ចំពោះការបណ្ដឹងទាស់នេះ ដែលធ្វើឲ្យកញ្ញា វ៉ាន់ នីឡា ​ពិតជាទទួលបានពន្លឺយុតិ្តធម៌ខ្លះៗហើយ។

ការលើកឡើងបែបនេះ បន្ទាប់ពីគេឃើញមានក្នុងបណ្តាញសង្គមហ្វេសប៊ុក របស់កញ្ញា វ៉ាន់ នីឡា បានបង្ហោះសារយ៉ាងដូច្នេះថា «ក្រោយពីសាលាដំបូង ចេញសាលក្រមឲ្យសងសំណង និងជាប់ទោស ជនត្រូវចោទ បានប្តឹងតមកសាលាឧទ្ធរណ៍ ហើយសាលាឧទ្ធរណ៍បានកោះហៅជនត្រូវចោទ គុយ សិទ្ធីស័ក្ត មិនបានចូលខ្លួនទេ មានតែមេធាវីគេ មកចូលរួចហើយប្រាប់ថា ជនត្រូវចោទនោះរវល់។ រហូតថ្ងៃនេះ ថ្ងៃ៣១ ខែតុលា ២០១៨ សាលាឧទ្ធរណ៍បានជំទាស់ការប្តឹងទាស់របស់ជនជាប់ចោទ»

តារាចម្រៀង វ៉ាន់ នីឡា បន្តថា «ខ្ញុំសូមអរគុណ ដល់សាលាឧទ្ធរណ៍ ដែលផ្តល់យុត្តិធ៌ម និងកិត្តិយសដល់រូបនាងខ្ញុំ ដោយបដិសេធការប្តឹងទាស់។ តទៅនេះ ខ្ញុំរង់ចាំមើលពីនិតិវិធីតទៅទៀត តើគេអាចប្តឹងដល់កំពូលទៀតទេ? ការរង់ចាំចំណាត់របស់តុលាការ​នោះ មានរយៈពេលច្រើនខែឆ្នាំហើយ ខ្ញុំពិតជាងចង់បានយុត្តិធម៌ពេញលេញឆាប់ៗណាស់។ ខ្ញុំជឿថា ទោះបីគេមានខ្នង មានខ្សែមេគុក មានគ្នាសុទ្ធតែខាងអ្នកច្បាប់ អ្នកចាប់ចងពីចំហាយឪពុករបស់គេ ក៏គេមិនអាចគេចផុតពីច្បាប់បានដែរ ច្បាប់នឹងផ្តល់យុត្តិធម៌ដល់នាងខ្ញុំ ដើម្បីកុំឲ្យជនជាប់ចោទ គុយ សិទ្ធិស័ក្ត នោះរួចខ្លួនឲ្យសោះ ដែលជាការសម្អាតជនពាលក្នុងសង្គមយើង កុំឲ្យជនពាលបានដៃប្រព្រឹត្តិល្មើស ហើយនៅតែដើរ​រីករាយ ក្រៅគុក ដូចសព្វថ្ងៃនេះ។ ខ្ញុំសូមអរគុណ ដល់បងប្អូនដែលតែងផ្តល់ការលើកទឹកចិត្ត ដល់នាងខ្ញុំរហូតមក ហើយនាងខ្ញុំនៅតែត្រូវការបងប្អូននៅក្បែរជានិច្ច»

គួរជម្រាបថា នៅរសៀលថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨ ចៅក្រមជំនុំជម្រះសាលាឧទ្ធរណ៍លោក ប៉ាក ច័ន្ទសំបូរ ប្រកាសសា​ដីកា សម្រេចតម្កល់សាលក្រមសាលាដំបូង រាជធានីភ្នំពេញទុកជាបានការដដែល លើសំណុំរឿងជនជាប់ចោទ គុយ សិទ្ធិសក្តិ អំពីរឿងចែកចាយរូបភាពអាសអាភាស​ របស់​កញ្ញា សុខ ចិន្តា ហៅ វ៉ាន់ នីឡា៕