(ភ្នំពេញ)៖​ ក្រុមយុវជនសាលាបាល់ទាត់ជាតិបាទី អាយុក្រោម ១៨ឆ្នាំ បានធ្វើឲ្យក្រុមយុវជនមកពីជប៉ុន គឺក្រុម U18 Fukushima មានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយក្រុមម្ចាស់ផ្ទះ វាយបកយកឈ្នះ ១-០ ក្នុងជំនួបមិត្តភាពអន្ដរជាតិ លើទីលានពហុកីឡដ្ឋានជាតិ កាលពីល្ងាចមិញ។

ថ្វីត្បិតជាការប្រកួតមិត្តភាព តែក្រុមទាំងពីរ បង្ហាញទម្រង់លេងល្អរៀងខ្លួន ពិសេសគឺក្រុមភ្ញៀវជប៉ុន ដែលមានឱកាសគ្រប់គ្រងបាល់យ៉ាងច្រើនលើទីលាន។ តង់ទី១ គឺគ្មានការស៊ុតបញ្ចូលទីគ្នានោះទេ ប៉ុន្ដែចូលតង់ទី២ ក្រោយបាល់ដាច់មុខ បន្ទាប់ពីក្រុមជប៉ុន ដាក់សម្ពាធលើក្រុម U18 បាទី កីឡាករ ធី លៀង បានប្រើបច្ចេកទេសយ៉ាងល្អ ក្នុងការបណ្ដើរបាល់ និងញាក់បំប៉ោងសំណាញ់ទីក្រុម U18 Fukushima ១គ្រាប់ ដែលជាគ្រាប់បាល់ជ័យជម្នះតែម្ដង នៅនាទី៧៥។

យ៉ាងណាមិញនេះគ្រាន់តែជាការប្រកួតមិត្តភាពប៉ុណ្ណោះ ដែលរៀបចំឡើង ដើម្បីអបអរសាទរខួបលើកទី ៦៥ នៃទំនាក់ទំនងការទូតកម្ពុជា-ជប៉ុន ជាក់ស្ដែងក្រោយចប់ការប្រកួតនេះ ក្រុម U18 Fukushima មិនទាន់ត្រឡប់ទៅស្រុកកំណើតនោះទេ ពោលគឺពួកគេ ត្រូវធ្វើការប្រកួតមិត្តភាពអន្ដរជាតិ ១ប្រកួតជាមួយក្រុមបាល់ទាត់វិសាខា សមាជិកលីគកំពូលកម្ពុជា នាវេលាម៉ោង ៥ល្ងាចថ្ងៃទី០២ ខែវិច្ឆិកាស្អែកនេះ នៅលើទីលានពហុកីឡដ្ឋានជាតិដដែល៕