(ភ្នំពេញ)៖ ក្រុមយុវជនថ្នាលរបស់ក្លឹបភ្នំពេញក្រោន បានរងបរាជ័យក្រោមថ្វីជើងក្រុម U14 របស់ក្លឹប Buriram United ក្នុងលទ្ធផល ៤-០ នៃយុទ្ធនាការដណ្តើមពានរង្វាន់ CP-Meiji Cup U-14 International Champions 2018 នាថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៨ នៅកីឡដ្ឋាន Chang Arena ស្ថិតនៅប្រទេសថៃ។

នេះជាលទ្ធផលចាញ់ច្រើនគ្រាប់ជាងគេ ក្នុងប្រកួតលើកទី១ ខណៈប្រកួតបន្ទាប់ក្រុមតំណាងកម្ពុជានឹងបន្តជួបក្រុមយុវជន Nongbua Pitchaya FC ថ្ងៃទី៣១ ខែតុលានេះ ដើម្បីកាត់ក្តីយកក្រុមខ្លាំងមួយ ឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈក្រុមនៅលេខរៀងទី២ តាមពូលនីមួយៗ ត្រូវផ្គូរផ្គងគ្នាប្រកួតដណ្តើមចំណាត់ថ្នាក់លេខ៥ ដល់លេខ៨ និងបន្តបន្ទាប់។

សម្រាប់ក្រុមដែលត្រូវចូលរួមការប្រកួតមានចំនួន ១២ក្រុម ដោយថៃ មាន៦ក្រុម រួមមាន Buriram Utd, Nongbua Pitchaya FC, Chonburi FC, Suphanburi FC, Muangthong Utd និង Bangkok Utd ក្រុមចំនួន២មកពីជប៉ុន គឺ Fagiano Okayama និង Jubilo Iwata បូករួម NFDP របស់ម៉ាឡេស៊ី, Aspire Academy មកពីកាតា និងក្រុមហុងកុង Kitchee SC៕