(ភ្នំពេញ)៖ មហាជនច្បាស់ជាស្គាល់គ្រប់គ្នាហើយ គ្រាន់តែឮឈ្មោះតារាចម្រៀងវ័យក្មេងរូបសង្ហា លោក ដួង ​វីរៈសិទ្ធ ខណៈដែលអាជីពចម្រៀង របស់លោកបច្ចុប្បន្នកំពុងទទួលបាន ការចាប់អារម្មណ៍ និងគាំទ្រច្រើនតាមរយៈការជ្រើស យកបទមរតកដើមមួយចំនួនទៅ Cover ច្រៀងឡើងវិញ និងត្រូវបញ្ចេញផ្សព្វផ្សាយ នៅលើបណ្តាញសង្គម។ ថ្មីៗនេះលោកបានប្រកាសស្វែងរកតារាចម្រៀងលោក លោក ឆៃ ឆាយា ដែលជាម្ចាស់ដើមនៃ «មួយរាត្រីនឹកតែអូន» ដើម្បីទទួលបានបទពិសោធបន្ថែមទៀត ពាក់ព័ន្ធនឹងវិស័យចម្រៀង ទោះបីជាលោកមានឈ្មោះល្បីទៅហើយក្ដី។

ជាក់ស្តែងកន្លងមក មានចម្រៀងជំនាន់ដើមជាច្រើនបទមកហើយ ដែលត្រូវបានតារាចម្រៀងប្រុសរលកក្រោយ ទាញបានប្រជាប្រិយភាព លោក ដួង វីរៈសិទ្ធ  ជ្រើសរើសយកទៅច្រៀងឡើងវិញ ដោយភ្ជាប់នូវការរក្សានូវទំនុកច្រៀង របស់រៀមច្បងម្ចាស់ដើម។ ជាការកត់សម្គាល់រាល់បទចម្រៀង ដែលលោក ដួង វីរៈសិទ្ធ តែងតែយកទៅ Cover ឡើងវិញនោះដែរ គឺភាគច្រើនទទួលបានការគាំទ្រច្រើន ពីទស្សនិកជនគ្រប់ស្រទាប់វ័យ។

ផ្អែកតាមរយៈការបង្ហោះភ្ជាប់ ជាមួយរូបភាព និងឃ្លីវីដេអូ Cover នៃបទនេះលោក ដួង វីរៈសិទ្ធ ក៏បានបញ្ចេញសារប្រកាសស្វែងរក និងចង់ជួបម្ចាស់សំនៀងដើម លោក ឆៃ ឆាយា ផងដែរថា «មកវិញហើយម្តងទៀត..។ បទចម្រៀងនេះ ខ្ញុំបកស្រាយឡើងវិញ ព្រោះតែស្រឡាញ់ស្នាដៃ របស់គាត់ ហើយខ្ញុំពិតជាចង់ដឹងណាស់ថា ម្ចាស់ស្នាដៃនៅទីណាពេលនេះ គាត់យ៉ាងណាហើយ»

ក្រៅតែពីការប្រកាសស្វែងរក និងចង់ដឹងសួរពីសុខទុក្ខ របស់តារាចម្រៀងជើងចាស់លោក ឆៃ ឆាយា ហើយនោះ តារាចម្រៀងប្រុសដែលអាចនិយាយបានថា «ជាសិស្សចៅ គឺលោក ដួង វីរៈសិទ្ធ បានបង្ហាញពីបំណងចង់ជួបដែរថា ខ្ញុំចង់ជួប ចង់ឃើញគាត់បើបងប្អូនស្គាល់ ឬដឹងដំណឹងគាត់សូមជួយប្រាប់ខ្ញុំផង​ សូមអរគុណ…my idol ឆៃ ឆាយា»

សូមបញ្ជាក់ថា តារាចម្រៀងប្រុសលោក ឆៃ ឆាយា គឺឈ្មោះពិត ប៉ា សុទ្ធី ជាតារាចម្រៀងជើងចាស់ ប៉ុន្តែបច្ចុប្បន្នពុំមាននណាម្នាក់ដឹងទេថា តារាជើងចាស់រូបនេះសព្វថ្ងៃ កំពុងស្នាក់នៅស្រុកខ្មែរ ឬក្រៅប្រទេសនៅឡើយទេ៕