(ភ្នំពេញ)៖ បន្ទាប់ពីបានផ្ទុះឡើង នូវបាតុភាពដ៏ចម្រូងចម្រាស់ រវាងផលិតករភាពយន្ត និងរោងភាពយន្ត រហូតមានការរិះគន់យ៉ាងចាស់ដៃ ពីសំណាក់ផលិតករ និងតារាសម្ដែងល្បីៗ កក្រើកពេញផ្ទៃប្រទេស ព្រោះតែចង់យកភាពយន្តបរទេស មកបញ្ចាំងប៉ះគ្នាជាមួយភាពយន្តខ្មែររួចមក ភាពយន្តខ្នាតធំរបស់ផលិតកម្ម Red Pichure មានចំណងជើងថា «បិសាចគំនូរ» បានបើកសម្ពោធបញ្ចាំង ជាផ្លូវការហើយ នៅរោងភាពយន្ត Legend TK ទួលគោក នាយប់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៨នេះ ដោយមានការអញ្ជើញចូលរួម ពីសំណាក់តារាសម្ដែង ផលិតករ មន្រ្តីក្រសួងវប្បធម៌ តារាចម្រៀងល្បី និងទស្សនិកជនយ៉ាងច្រើនកុះករ។

លោក ឌៀប សុវណ្ណដារ៉ា ជាផលិតករ ​និងជាចាងហ្វាងផលិតកម្ម Red Pichure បានថ្លែងថា បន្ទាប់ពីមានការតវ៉ាយ៉ាងស្វិតស្វាញ ​ពីសំណាក់រូបលោក និងតារាសម្ដែងល្បីៗ​មួយចំនួនមក រោងភាពយន្តបានសម្រេច ដាក់បញ្ចាំងរឿងខ្មែរ គឺរឿង «បិសាចគំនូរ» ជំនួសរឿងថៃ ដែលគ្រោងបញ្ចាំងប៉ះជាមួយគ្នានេះវិញ ធ្វើឲ្យលោកសប្បាយចិត្ត និងបើកសម្ពោធតាមការគ្រោងទុកតែម្ដង។ ​លោកបានបង្ហាញក្ដីរំពឹងថា នេះជាសញ្ញាមួយល្អសម្រាបប់ភាពយន្តខ្មែរ និងជាកម្លាំងចិត្តយ៉ាងខ្លាំងក្លា ដល់ផលិតករ ក្នុងការផលិតភាពយន្ត ដាក់បញ្ចាំងក្នុងរោង ក៏ដូចជាប្រកួតប្រជែងក្នុងវិស័យភាពយន្ត ឲ្យមានភាពរស់រវើ​កឡើង និងឥតថមថយ។

ចាងហ្វាងផលិតកម្មវ័យក្មេងរូបនេះ បានបន្តទៀតថា លោកពិតជាសប្បាយចិត្ត នៅពេលដែលរោភាពយន្ត​បានឯកភាព និងព្រមតាមសំណើររបស់លោក ឲ្យដាក់បញ្ចាំងភាពយន្តរឿង «បិសាចគំនូរ» ឡើងវិញ នៅថ្ងៃទី១ខែវិច្ឆិកា ឆ្នាំ២០១៨នេះ តាមការគ្រោងទុក ដោយសម្រេចទុកភាពយន្តថៃ ទៅថ្ងៃក្រោយ​។ នេះគឺជាសញ្ញាមួយបង្ហាញ​ថា យើងជួយលើកស្ទួយភាពយន្តខ្មែរ ​និងលើកទឹកចិត្តដល់ផលិតករខ្មែរទាំងអស់ ដែលបានដាក់ចិត្តដាក់កាយ ចំណាយធនធាន និងកម្លាំងញើសឈាមផលិតភាពយន្តឡើង។ ប៉ុន្តែលោកក៏ស្រឡាំងកាំងផងដែរ នៅពេលរោងភាពយន្តមួយចំនួន បែរជាចង់លើកថ្ងៃបញ្ចាំងរឿងខ្មែរ ទៅបញ្ចាំងរឿងថៃជំនួសវិញ។

​​ផលិតករ ឌៀប សុវណ្ណដារ៉ា ​បានបន្ថែមទៀតថា ​ភាពយន្តរឿង «បិសាចគំនូរ» បានចំណាយដើមទុនច្រើនគួរសម មិនខុសពីរឿងមុនៗ​នោះទេ ដោយសាច់រឿង ផ្ដោតសំខាន់លើភាព​កំប្លុកកំប្លែង និងឈុតឆាកភ័យរន្ធត់ជាច្រើន ហើយបានសម្រិតសម្រាំងគុណភាពជាចំបង ពោលគឺទាំងការងារបច្ចេកទេស តួសម្ដែង ទីតាំងថត ពិតជាមិនធ្វើឲ្យអ្នកទស្សនា ខកបំណងឡើយ។ ជាមួយគ្នានេះ តារា​សម្ដែងក្នុងរឿងទាំងអស់ ក៏បានទទូចដល់ទស្សនិកជន មេត្តាជួយគាំទ្រស្នាដៃខ្មែរ ឬភាពយន្តក្នុងស្រុក​ឲ្យបានច្រើន ជាងភាពយន្តបរទេស ដើម្បីកុំឲ្យអ្នកផលិត និងតួសម្ដែងមានអារម្មណ៍ខកចិត្ត និងបាក់ទឹកចិត្ត នៅក្នុងការងារនេះ។

គួរបញ្ជាក់ថា ភាពយន្តរឿង «បិសាចគំនូរ» មានការចូលរួមសម្ដែងដោយ តារាល្បីជាច្រើនដួង មានដូចជា លោក លឹម ជាឡាយ, លោក ងួន សុបិន, លោក BIG ,កញ្ញា គៀត សុវណ្ណាឡាង, លោក ជា សុវណ្ណនរាហ៍, អ្នកនាង សុខ សោម៉ាវត្តី ព្រមទាំងតារាសម្ដែងល្បីៗមួយចំនួនទៀត៕