(ក្រុងឡុងដ៍)៖ កីឡាករខ្សែបម្រើសញ្ជាតិអង់គ្លេស Dele Alli បានយល់ព្រមបន្តកិច្ចសន្យាថ្មីក្នុងរយៈពេល ៦ឆ្នាំរហូតដល់ឆ្នាំ២០២៤ ជាមួយក្លឹបមាន់ខ្នាយមាស Tottenham Hotspur នៃក្របខណ្ឌលីគកំពូលអង់គ្លេស Premier League តែយ៉ាងណាក៏ដោយ ក្លឹបមិនបានបង្ហាញតម្លៃទឹកប្រាក់លើការនឿយហត់របស់កីឡាកររូបនេះទេ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Independent នាថ្ងៃពុធ ទី៣១ ខែតុលា ឆ្នាំ២០១៨។

កីឡាករវ័យ ២២ឆ្នាំរូបនេះ ក៏ធ្លាប់ឈ្នះពានកីឡាករវ័យក្មេងលេងល្អជាងគេក្នុង Premier League ២ដងផងដែរក្នុង ឆ្នាំ២០១៥-១៦ និងឆ្នាំ២០១៦-១៧ ក្រោយផ្ទេរពីក្លឹប MK Dons ដែលជាក្លឹបយុវជនថ្នាលរបស់ខ្លួន ក្នុងតម្លៃ ៥លានផោនកាលឆ្នាំ២០១៤ ជាមួយនឹងការបានគ្រាប់បាល់ ៤៨គ្រាប់ ក្នុងការបង្ហាញខ្លួន ១៥៣លើកឲ្យ Spurs។

សម្រាប់ក្នុងក្រុមជម្រើសជាតិតោកំណាចអង់គ្លេស Dele Alli មកទល់ពេលនេះ រកបានគ្រាប់បាល់ ៣គ្រាប់ ពីការចូលលេងបាន ៣១លើក ក្នុងព្រឹត្តិការណ៍ធំៗដូចជា UEFA Euro ឆ្នាំ២០១៦ នៅប្រទេសបារាំង និង FIFA World Cup ឆ្នាំ២០១៨ នៅប្រទេសរុស្ស៊ី៕