(ម៉ាដ្រីឌ)៖ ខ្សែការពារកណ្តាលសញ្ជាតិបារាំង Raphael Varane ត្រូវសម្រាកព្យាបាលរបួស ក្រោយពេលលទ្ធផលត្រួតពិនិត្យសុខភាពបានបង្ហាញថា ខ្សែការពាររបស់ក្លឹប Real Madrid រូបនេះរងរបួសសាច់ដុំភ្លៅក្នុងអំឡុងពេលប្រកួត El Clasico កាលពីថ្ងៃអាទិត្យ ទី២៨ គ្រាដែលក្លឹបអធិរាជស បានចាញ់ក្លឹបអ្នកមានបុណ្យ Barcelona 5-1 យ៉ាងអាម៉ាស់។

នេះបើតាមចេញផ្សាយរបស់ក្លឹប Real Madrid ចេញសេចក្ដីថ្លែងការណ៍ខ្លីមួយថា៖ «លទ្ធផលពិនិត្យបានបញ្ជាក់ថា កីឡាករ Raphael Varane មានរបួសសាច់ដុំភ្លៅខាងស្ដាំ ស្ថានភាពរបស់កីឡាកររូបនេះ នឹងត្រូវតាមដានបន្តទៀត»

សម្រាប់ Varane បច្ចុប្បន្នកំពុងតែមានទម្រង់លេងធ្លាក់ចុះក្នុងរដូវកាលនេះ ដោយបានចូលលេងតែ ៩ប្រកួតក្នុងចំណោម ១០ប្រកួតប៉ុណ្នោះ កីឡាកររូបនេះអាចនឹងខកខានការប្រកួតជួយក្លឹប ២ប្រកួត ដោយសារមូលហេតុរបួសរបស់គេ ខណៈក្លឹប Real Madrid នឹងត្រូវប៉ះក្លឹប Real Valladolid នៅថ្ងៃសៅរ ទី៣ ខែវិច្ឆិកា ឆ្នាំ២០១៨៕