(ភ្នំពេញ)៖ MV បទចម្រៀងមានចំណងជើងថា «តួចិត្តអាក្រក់» ដែលបកស្រាយដោយតារាចម្រៀងលោក ជ័យ សុវ៉ាត ខណៈបទចម្រៀងមួយបទ គ្រាន់តែត្រូវបានផេករបស់ផលិតកម្ម សាន់ដេ ចេញបង្ហោះមិនទាន់បានប៉ុន្មានផង ក៏មានការចែកចាយ និងការសរសើរពីសំណាក់ហ្វេនៗតែម្ដង ដោយសារតែនេះជាបទដំបូង ដែលលោក ជ័យ សុវ៉ាត បានរំលេចនូវសិល្បៈល្ខោនខោល ដែលជាសម្បត្តិវប្បធម៌ ដ៏មានតម្លៃរបស់ខ្មែរ ដើម្បីឲ្យយុវវ័យបានដឹងកាន់តែច្បាស់។ អ្នកគាំទ្រជាច្រើនរំពឹងជំនួសសាមីខ្លួន ថាបទចម្រៀងមួយបទនេះ នឹងដក់ក្នុងអារម្មណ៍អ្នកស្នេហាវិស័យចម្រៀងភាគច្រើននោះផង។

ស្ទើរតែគ្មានអ្នកបានស្ដាប់បទចម្រៀង «តួចិត្តអាក្រក់» របស់លោក ជ័យ សុវ៉ាត ណាម្នាក់ មិនសរសើរចំពោះ MV មួយបទនេះរបស់លោកនោះទេ ដោយសារតែបទចម្រៀងមួយបទនេះហាក់ចាក់ដោតត្រូវអារម្មណ៍អ្នកគាំទ្រទាំងបទភ្លេង អត្ថន័យ និងជាពិសេសជាងគេ គឺការរំលេចល្ខោនខោល ដែលលោកបានប្រើជាការសម្ដែងនៅក្នុងសាច់ចម្រៀង ដែលធ្វើឲ្យម្នាក់ៗមានការចាប់អារម្មណ៍នោះតែម្ដង។ នៅក្នុងបទនេះ លោកមិនត្រឹមតែតែងតួជាយក្សក្នុងសិល្បៈល្ខោនខោលប៉ុណ្ណោះទេ ប៉ុន្តែលោកត្រូវគេដឹងថា បានហាត់រាំល្ខោនខោលដើម្បីឲ្យសម្ដែងបានសមនៅក្នុង MV មួយបទនោះដែរ។ បើធៀបនឹងបទផ្សេងៗរបស់លោកដែលបានចេញក្នុងផលិតកម្មសានដេ គេកត់សម្គាល់ថាចម្រៀងមួយបទ «តួចិត្តអាក្រក់» របស់លោកបកស្រាយបានពីរោះ ហើយសម្រាប់សាច់ភ្លេងក៏លាយឧបករណ៍តន្ត្រីខ្មែរ ធ្វើឲ្យស្ដាប់ទៅប្លែកត្រចៀក និងមានលក្ខណៈជាតិនិយមគួរឲ្យសរសើរ ខណៈដែលការរំលេចឈុតឆាកល្ខោនខោលក្នុងវគ្គលោកច្បាំង នឹងព្រះរាម ដណ្ដើមយកព្រះនាងសិតា ក៏ជាអ្វីដែលធ្វើឲ្យ MV មួយបទនេះ ក្លាយជាបទដក់ក្នុងអារម្មណ៍អ្នកបានស្ដាប់។

រហូតមកដល់ពេលនេះ គេឃើញមានអ្នកចែកចាយបទចម្រៀងមួយបទច្រើននាក់ បង្ហោះពាក្យថា «ពីរោះ! មានន័យណាស់!» អមដោយការសរសើរថា លោក ជ័យ សុវ៉ាត គឺជាអាយដលនៅក្នុងវិស័យចម្រៀង។ យ៉ាងណាមិញ គេមិនទាន់ដឹងថាម្ចាស់បទចម្រៀង គឺលោក ជ័យ សុវ៉ាត មានអារម្មណ៍បែបណា ក្រោយចម្រៀងមួយបទត្រូវបានអ្នកស្នេហាវិស័យចម្រៀងចាប់អារម្មណ៍នោះទេ ក្នុងពេលដែលគេបានត្រឹមតែដឹងថា សាច់រឿងក្នុងបទចម្រៀងនេះ គឺការបំផុសល្ខោនខោលមួយដ៏ធំ នៅក្នុងបរិបទដែលយុវវ័យភាគច្រើនងាកមកគាំទ្រសិល្បៈបុរាណមួយនេះវិញ៕