(ភ្នំពេញ)៖ ក្រោយបញ្ចប់យុទ្ធនាការប្រកួតក្របខណ្ឌលីគកំពូលកម្ពុជា និងពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ឆ្នាំ២០១៨ នៅដើមសប្ដាហ៍នេះ អតីតក្រុមជើងឯកលីគ ៦សម័យភ្នំពេញក្រោន បានរៀបចំសកម្មភាពសង្គមធំៗចំនួនពីរ លើទឹកដីតំបន់ទេសចរណ៍ នាខេត្តព្រះសីហនុ គឺកម្មវិធី Football Clinic និងកម្មវិធីដើម្បីបរិស្ថានស្អាត។ កម្មវិធីនេះ ត្រូវបានរៀបចំឡើង កាលពីថ្ងៃទី២៩ ខែតុលាម្សិលមិញ ក្រោមការផ្ដួចផ្ដើមរបស់លោកឧកញ៉ា ឬទ្ធី សំណាង ប្រធានក្លឹបភ្នំពេញក្រោន សហការជាមួយរដ្ឋបាលខេត្តព្រះសីហនុ, មន្ទីរអប់រំខេត្ត មន្ទីរបរិស្ថានខេត្ត និងសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តព្រះសីហនុ។ មិនតែប៉ុណ្ណោះ ក៏មានការចូលរួមផ្ទាល់ពីលោក យន្ដ មីន អភិបាលខេត្តព្រះសីហនុផងដែរ។
ចំពោះកម្មវិធី Football Clinic ដែលរៀបចំលើទីលានសាលារៀនដុនបូស្កូ បានផ្ដល់ឱកាសដល់យុវជនជាង ៦០នាក់ ចូលរួមស្វែងយល់ពីបច្ចេកទេសបាល់ទាត់ ជាមួយកីឡាកររបស់ក្លឹបភ្នំពេញក្រោន ក្នុងនោះក៏មានការចែករំលែកបទពិសោធន៍ដោយផ្ទាល់ពីសំណាក់គ្រូបង្វឹកថ្មីលោក Leonardo Vitorino ផងដែរ ។ បន្ទាប់មកទើបក្លឹបផ្ដួចផ្ដើមឲ្យមានកម្មវិធីដើររើសសំរាម និងសម្អាតឆ្ឋេរអូត្រះ ក៏ដូចជាការដាំដើមឈើអនុស្សាវរីយ៍ ដើម្បីលើកសម្រស់បរិស្ថានកាន់តែស្រស់ស្អាតទៀតផង។
គួរបញ្ជាក់ថា នេះមិនមែនជាលើកទី១ ឡើយ ដែលក្លឹបភ្នំពេញក្រោន បានធ្វើសកម្មភាព ដើម្បីសង្គម តាមរយៈកម្មវិធី Football Clinic របស់ខ្លួន ពោលគឺរាល់ពេលទំនេរពីការប្រកួតក្របខណ្ឌលីគកំពូល ឬពានសម្ដេចតេជោ ក្លឹបតែងតែបង្កើតកម្មវិធីផ្សេងៗ ដើម្បីបំផុសចលនាយុវជនឲ្យចូលរួមលេងកីឡា និងចៀសឆ្ងាយពីការប្រព្រឹត្តអំពើអបាយមុខផ្សេងៗ។ លើសពីនេះ ក្រុមហ៊ុនក៏បានផ្ដល់នូវសម្ភារៈសិក្សា និងកីឡាមួយចំនួនដល់យុវជន ក៏ដូចជាឧបត្ថម្ភធុងសំរាមចំនួន ១០០ធុងដល់សាលាខេត្តព្រះសីហនុផងដែរ៕