(ភ្នំពេញ)៖ តារាសម្ដែងស្រី មានរូបសម្រស់ទាក់ទាញ ក្រសែភ្នែកបុរសៗ កញ្ញា ស៊ីន យូប៊ីន មួយរយៈចុងក្រោយនេះ គេសង្កេតឃើញថា នាងមានភាពមមាញឹកខ្លាំង ក្នុងការងារសិល្បៈ និងការងារលក់ផលិតផលផ្ទាល់ខ្លួន។ យ៉ាងណាមិញ ថ្មីៗនេះ ស៊ិន យូប៊ីន បានធ្វើឲ្យមហាជនមួយចំនួនដែលពូកែទើស មានការចាប់អារម្មណ៍ ក៏ដូចជាបានសម្ដែងនូវការមិនពេញចិត្ត បន្ទាប់ពីរូបនាង បានបង្ហោះរូបថតជាច្រើនសន្លឹក នៅតាមបណ្ដាញសង្គមរួមជាមួយនឹងទឹកមុខ ញញឹមញញែម ដោយក្នុងដៃមានកាន់ដើមផ្កា ដែលមានដោតប្រាក់បាត ដែលជារូបិយប័ណ្ណ របស់ប្រទេសថៃ ពោលគឺនាងបានបង្ហាញវត្តមានក្នុង ការធ្វើបុណ្យកឋិនភាពមួយ ក្នុងប្រទេសថៃ។
ការរិះគន់ពីសំណាក់ មហាជនអ្នកលេងបណ្ដាញសង្គមទៅលើតារាស្រី ប្រចាំប្រទេសកម្ពុជា កញ្ញា ស៊ីន យូប៊ីន បន្ទាប់ពីនាងបានចូលរួមធ្វើបុណ្យកឋិនទាន ដែលដង្ហែទៅកាន់វត្តមួយ ក្នុងប្រទេសថៃ ដោយនាងបានសរសេរសារដ៏ខ្លីថា «កឋិនទាន វត្ត Phu tong mon , udon Thani province សូមជូនមគ្គផលផងចា៎»។
ទន្ទឹមគ្នានេះ សារបានបញ្ចាក់ន័យយ៉ាងច្បាស់ថា នាងកំពុងចូលរួមដង្ហែបុណ្យកឋិនទាន នៅវត្តមួយក្នុងប្រទេសថៃ ក៏ត្រូវបានមហាជនជាពិសេសអ្នកគាំទ្ររបស់នាង ហាក់សម្ដែងនូវការ មិនពេញចិត្ត ដោយមតិខ្លះលើកឡើងថា «កូនកាត់ថៃមែន វត្តខ្មែរ មិនហែចូល បែរទៅហែរចូលវត្តស្រុកគេ នេះបានចំជាខ្មែរជួយខ្មែរមែន»។
យ៉ាងណាមិញ ចំពោះការសម្ដែងនូវអារម្មណ៍ មិនពេញចិត្ត ពីសំណាក់មហាជននេះផងដែរ ក៏ស្រាប់តែមានបុរសសង្ហារជិះសេះស ចូលខមមិនតបវិញថា «ធ្វើបុណ្យនៅឯណា មិនសំខាន់ទេ សំខាន់ឲ្យតែអ្នកធ្វើ មានចិត្តជ្រះថ្លាទៅបានហើយ»។
ជាមួយនឹងគ្នានេះ ក៏មានមតិមួយចំនួនលើកឡើងដែលថា ការធ្វើបុណ្យទាន គឺមិនគិតទៅលើទីកន្លែងនោះទេ ពោលគឺឲ្យតែយើងមានធនធាន និងមានសុទ្ធាជ្រះថ្លា ក្នុងការធ្វើបុណ្យ មួយវិញទៀត ការធ្វើបុណ្យធ្វើទាន មិនចាំបាច់ត្រូវរើសកន្លែង និងមិនចាំបាច់ត្រូវរើសពូជសាសន៍នោះទេ៕