(ក្រុងឡុដ៍)៖ មហាសេដ្ឋីជនជាតិថៃ លោក Vichai Srivaddhanaprabha បានស្លាប់ក្នុងហេតុការណ៍ធ្លាក់ឧទ្ធម្ភាគចក្រនៅខាងក្រៅកីឡដ្ឋាន King Power កាលពីថ្ងៃសៅរ៍ ក្រោយក្លឹប Leicester បានបញ្ចប់ការប្រកួតដែលធ្វើឲ្យកីឡាករទាំងអស់នៅក្នុងក្រុម បានមកគោរពវិញ្ញាណក្ខន្ធលោក Vichai ដោយអារម្មណ៍សោកសង្រេងជាខ្លាំង។

ការគោរពវិញ្ញាណក្ខន្ធនេះ ត្រូវបានធ្វើឡើងកាលពីថ្ងៃចន្ទ ទី២៩ ខែតុលា ឆ្នាំ២០១៨ ស្ថិតនៅទីក្រុង Leicester ចក្រភពអង់គ្លេសតែម្តង។

ជាមួយគ្នានោះ អ្នកចាំទី Kasper Schmeichel បានបង់បង្ហាញទឹកមុខសោកសៅគោរពវិញ្ញាណក្ខន្ធលោក Vichai ដែលក្រុមកីឡាករទាំងអស់បានមកចូលរួមគោរពវិញ្ញាណក្ខន្ធដែលជាម្ចាស់ក្លឹប ដែលធ្លាប់បានជួយឲ្យក្លឹបមួយនេះ ឈ្នះជើងឯក Premier League រដូវកាលឆ្នាំ២០១៥-២០១៦។ សម្រាប់ក្រុមកីឡាករ និងបុគ្គលិករបស់ក្លឹបកញ្ជ្រោងខៀវ Leicester City ទាំងអស់បានមកគោរពវិញ្ញាណក្ខន្ធលោក Vichai នៅខាងក្រៅកីឡដ្ឋាន King Power ក្នុងទឹកមុខដ៏ក្រៀមក្រំបំផុត ខណៈកីឡាករខ្លះយំក្ដុកក្ដួលក្នុងចិត្តទៀតផង។ លោក Vichai Srivaddhanaprabha បានទិញក្លឹប Leicester កាលពីឆ្នាំ២០១០ និងបានជួយក្លឹបមួយនេះឈ្នះ Premier League កាលពីរដូវកាលឆ្នាំ២០១៥-២០១៦៕