(ភ្នំពេញ)៖ ក្រុមកីឡាករអាយុក្រោម១៤ឆ្នាំភ្នំពេញក្រោន បានធ្វើដំណើរទៅកាន់ប្រទេសថៃ នាថ្ងៃចន្ទ ទី២៩ ខែតុលា ដើម្បីចូលរួមការប្រកួតក្នុងព្រឹត្តិការណ៍ CP-Meiji Cup U-១៤ International Champions ឆ្នាំ២០១៨។

សម្រាប់ព្រឹត្តិការណ៍នេះ មានការចូលរួមពីក្រុមចំនួន១២ ដោយមានថៃ៦ក្រុមរួមមាន Buriram Utd, Nongbua Pitchaya FC, Chonburi FC, Suphanburi FC, Muangthong Utd និង Bangkok Utd។ ក្រុមចំនួន២មកពីជប៉ុន គឺ Fagiano Okayama និង Jubilo Iwata បូករួម NFDP របស់ម៉ាឡេស៊ី, Aspire Academy មកពីកាតា និងក្រុមហុងកុង Kitchee SC។

អ្វីដែលសំខាន់ផងនោះ លោក ម៉ក់ ភារុណ គ្រូបង្វឹកក្រុមអាយុក្រោម១៤ឆ្នាំភ្នំពេញក្រោន បានថ្លែងឲ្យដឹងថា «ការប្រកួតហ្នឹងមានសារៈសំខាន់ណាស់ ដោយយើងបានចូលរួមរាល់ឆ្នាំ ហើយយើងអាចស្រូបយកបទពិសោធន៍ពីក្រុមអន្តរជាតិដូចជាថៃ ជប៉ុន ម៉ាឡេស៊ីអីចឹងទៅ។ យើងបានត្រៀមខ្លួនរួចរាល់ហើយសម្រាប់ការប្រកួត។ យើងត្រៀមសម្រាប់ការប្រកួតដ៏ល្អដែលរំពឹងថា អាចទទួលបានបទពិសោធន៍បានយ៉ាងច្រើន។ យើងអត់ហ៊ានរំពឹងខ្ពស់ទេ តែយើងនឹងព្យាយាមឲ្យអស់ពីលទ្ធភាព ដើម្បីសម្រេចគោលដៅរបស់យើង»

គួរបញ្ជាក់ផងដែរថា U14 បានស្ថិតក្នុងពូលជាមួយក្រុម Buriram Utd និងក្រុម Nongbua Pitchaya FC របស់ប្រទេសថៃ។ ក្នុងរយៈពេល៤ថ្ងៃនេះ ក្រុមទាំងអស់នឹងប្រកួតរហូតរកបានចំណាត់ថ្នាក់រៀងៗខ្លួនចាប់ពីលេខ១ ដល់លេខ១២៕