(ម៉ាឌ្រីដ)៖ បន្ទាប់ពីមានកិច្ចប្រជុំរួចមក គណៈកម្មការនាយកនៃក្លឹប Real Madrid បានសម្រេចបណ្តេញលោក Julen Lopetegui ចេញពីតំណែងជាអ្នកចាត់ការទូទៅរបស់ក្លឹបអធិរាជសរបស់អេស្ប៉ាញ នេះបើតាមសេចក្តីថ្លែងការណ៍ផ្លូវការចេញផ្សាយនៅព្រឹកថ្ងៃអង្គារ ទី៣០ ខែតុលា ឆ្នាំ២០១៨។ Real Madrid បានបញ្ជាក់ថា ការសម្រេចនេះ គឺជាការទទួលខុសត្រូវ ដើម្បីនាំកេរ្តិ៍ឈ្មោះក្លឹប ដែលធ្លាប់ល្បាញល្បីឲ្យត្រឡប់មកទទួលបានកិត្តិនាមសាជាថ្មី ខណៈនៅមានផ្លូវវែងឆ្ងាយសម្រាប់បន្តដំណើរនៅរដូវកាលនេះ។

Real Madrid បានអរគុណដល់លោក Julen Lopetegui សម្រាប់ការប្រឹងប្រែងរបស់គាត់ ដែលបានចូលរួមជាមួយ Real Madrid កាលពីពេលកន្លងមក។ ការចាកចេញរបស់លោក Lopetegui ក្រុមជើងឯកអឺរ៉ុបមួយនេះ បានសម្រេចតែងតាំងលោក Santiago Solari ដើរតួជាគ្រូបង្វឹកគ្រប់គ្រងក្រុមបាល់ទាត់ Real Madrid បណ្តោះអាសន្ន ចាប់ពីថ្ងៃអង្គារ ទី៣០ខែតុលា ឆ្នាំ២០១៨ តទៅ។

បុរសជនជាតិអាហ្សង់ទីន Solari គឺជាអតីតកីឡាករខ្សែបម្រើរបស់ក្រុមជម្រើសជាតិអាស្សង់ទីនពីឆ្នាំ១៩៩៩ ដល់ឆ្នាំ ២០០៤។ លោកក៏ធ្លាប់ជាអតីតរបស់កីឡាករ Real Madrid ចន្លោះពីឆ្នាំ២០០៥ ដល់ឆ្នាំ២០០៨ ផងដែរ។ បន្ទាប់ពីចូលនិវត្តន៍ លោក Solari បានក្លាយជាគ្រូបង្វឹករបស់ក្រុមយុវជនថ្នាល Real Madrid ចាប់ពីឆ្នាំ២០១៣ និងបន្ទាប់មកជាគ្រូបង្វឹក Real Madrid ក្នុងក្រុមកម្រិត B (Real Madrid Castilla)។

លោក Solari គ្រាន់តែទទួលថែទាំ និងដឹកនាំក្រុម Real Madrid ឈុតធំមួយរយៈសិនតែប៉ុណ្ណោះ ទម្រាំក្លឹបអាចចុះកិច្ចសន្យាយកអ្នកចាត់ការផ្លូវកាមកបាន។ តាមការចុះផ្សាយរបស់សារព័ត៌មានអង់គ្លេស និងអេស្ប៉ាញជាច្រើន Real Madrid មានទំនាក់ទំនងជាស្រេចជាមួយលោក Antonio Conte អតីតគ្រូបង្វឹក Chelsea រួចហើយ ប៉ុន្តែមិនទាន់អាចចុះកិច្ចសន្យាយកគាត់មកបាន ដោយសារតែនៅមានលក្ខខណ្ឌជាបន្តបន្ទាប់ទៀត ត្រូវដោះស្រាយសិន។

Real Madrid បានតែងតាំងលោក Julen Lopetegui គ្រូបង្វឹកវ័យ៥២ឆ្នាំ ដើម្បីជំនួសតំណែងលោក Zinedine Zidane ដែលសម្រេចចិត្តលាឈប់ បន្ទាប់ពីនាំក្លឹបក្លាយជាជើងឯក Champions League រដូវកាល២០១៧-២០១៨ កាលពីខែឧសភាកន្លងទៅ ប៉ុន្តែក្រោយពេលត្រូវក្រុមជម្រើសជាតិអេស្ប៉ាញ បណ្តេញចេញ មុនការប្រកួតបាល់ទាត់ពិភពលោក World Cup នៅរុស្ស៊ី តែ១ថ្ងៃលោក Lopetegui បាននាំក្លឹបអធិរាជស ចុះរណ្តៅរហូតដល់ធ្លាក់ទៅចំណាត់ថ្នាក់លេខ៩នៃតារាង La Liga ដោយ១០ប្រកួត មានតែ១៤ពិន្ទុ ក្នុងនោះមានឈ្នះតែ ៤ដង ស្មើ២ដង និងចាញ់ដល់ទៅ ៤ដងដែរ៕