(ទួគី)៖ ក្លឹបនៃលីគកំពូលទូគី Besiktas កំពុងតែចរចាយកខ្សែប្រយុទ្ធរបស់ក្លឹបហង្សក្រហម Liverpool  កីឡាករ Divock Origi  ជាថ្នូរនឹងបញ្ជូនកីឡាករអ្នកចាំទី Loris Karius ឲ្យត្រឡប់ទៅក្លឹបហង្សក្រហម ជាដើមវិញ ក្រោយពីបានខ្ចីមកលេងមិនទាន់បាន ២ ខែស្រួលបួលផងនោះ ហើយនេះជាសំណើរដ៏គួរឲ្យផ្ញាក់ផ្អើលមួយសម្រាប់ក្លឹបហង្សក្រហម ទទួលបានពីក្លឹប Besiktas ទាក់ទងនឹងការឲ្យកីឡាករ Loris Karius មកក្លឹបវិញដោយសុំយក កីឡាករខ្សែប្រយុទ្ធ Divock Origi ជាថ្នូរទៅវិញក្នុងលក្ខណៈខ្ចីជើង។

ក្លឹប Besiktas បានព្រមព្រៀងខ្ចីកីឡាករ Karius ពី Liverpool កាលពីរដូវក្តៅកន្លងទៅ ដោយថែមទាំងមានលក្ខខណ្ឌទិញផ្តាច់ផងដែរ ប៉ុន្តែទម្រង់លេងរបស់ អ្នកចាំទីអាល្លឺម៉ង់វ័យ ២៥ឆ្នាំ កម្ពស់ ១.៨៩ម៉ែត្រ រូបនេះបានធ្វើឲ្យក្លឹបមិនពេញចិត្ត កាលពីសប្តាហ៍កន្លងទៅនេះមានដំណឹងថា ក្លឹបយក្សនៃលីគកំពូលទូគី មិនពេញចិត្តនឹងទម្រង់លេងរបស់អ្នកចាំទី Karius ក្នុងពេលនេះឡើយ ហើយបានត្រៀមនឹងបញ្ជូនរូបគេឲ្យត្រឡប់មកកាន់ទឹកដី Anfield វិញនៅខែ មករា ឆ្នាំ២០១៩ខាងមុខនេះ។

កីឡាករខ្សែប្រយុទ្ធប៊ែលហ្ស៊ិក វ័យ ២៣ឆ្នាំ Divock Origi  មិនទាន់បានបង្ហាញខ្លួនក្នុងក្រុមហង្សក្រហមក្រោមការដឹកនាំរបស់លោក Jurgen Klopp នារដូវកាលនេះនៅឡើយ ហើយដែលឮថា រូបគេមានបំណងបន្តរួមរស់ជាមួយហង្សក្រហមជាបន្តនោះ Origi នឹងត្រូវជួបពិភាក្សាជាមួយលោក Klopp នៅសប្តាហ៍ក្រោយនេះពាក់ព័ន្ធនឹងការវិលត្រឡប់មកវិញរបស់អ្នកចាំទី Karius នៅដើមឆ្នាំក្រោយនេះ។

សម្រាប់កីឡាករអ្នកចាំទី Loris Karius ត្រូវបានក្លឹបហង្សក្រហមបញ្ជូនទៅលេងនៅក្លឹបនៃលីគកំពូលទូគី ក្លឹប Besiktas កាលពីកន្លងទៅរូបគេវបានបង្កើតកំហុសដែលធ្វើឲ្យក្រុម Liverpool ត្រូវបាត់បង់ឱកាសគ្រង់ជើងឯក UFA Championship ដោយត្រូវបរាជ័យក្រោមថ្វីជើងក្រុម អធិរាជស Real Madrid៕