(ភ្នំពេញ)៖ ស្របពេលមហាសេដ្ឋីថៃ លោក Vichai Srivaddhanaprabha ម្ចាស់ក្លឹបបាល់ទាត់ Leicester City ត្រូវបានក្លឹបប្រកាសលោកបានទទួលមរណភាព គេឃើញគ្រួសារបាល់ទាត់ជុំវិញពិភពលោក សម្ដែងការសោកស្ដាយ និងចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុត ចំពោះការបាត់បង់ថ្នាក់ដឹកនាំក្លឹបដ៏ល្បីរូបនេះ ក្នុងនោះក៏មានការចូលរួមរំលែកទុក្ខពីក្លឹបចំនួន ៣ នៃលីគកំពូលកម្ពុជាផងដែរ គឺមានក្លឹបភ្នំពេញក្រោន, បឹងកេតអែហ្វស៊ី និងក្លឹបអង្គរថាយហ្គឺរ។

ក្នុងនាមគ្រួសារតែមួយ ក្នុងវិស័យបាល់ទាត់ ក្លឹបសមាជិកលីគកំពូលកម្ពុជាខាងលើ សុទ្ធតែបានបង្ហាញនូវការសោកស្ដាយជាខ្លាំង ចំពោះការបាត់បង់ជីវិតរបស់លោក Vichai Srivaddhanaprabha ស្របពេលលោកគឺជាផ្នែកមួយ នៃវិស័យបាល់ទាត់ពិភពលោក និងធ្វើឲ្យកេរ្ដិ៍ឈ្មោះប្រទេសក្នុងតំបន់អាស៊ាន ត្រូវបានល្បី និងមានប្រជាជនអឺរ៉ុបស្គាល់កាន់តែច្រើន តាមរយៈការធ្វើអាជីវកម្មបាល់ទាត់របស់លោក។

គួរបញ្ជាក់ថា លោក Vichai ត្រូវបានក្លឹបប្រកាសពីមរណភាពផ្លូវការ កាលពីម្សិលមិញ ក្រោយមានគ្រោះថ្នាក់ធ្លាក់ឧទ្ធម្ភាគចក្រ ក្រោយចប់ការប្រកួត Premier League ជាមួយក្រុម West Ham United កាលពីយប់ថ្ងៃសៅរ៍ នៅក្បែរកីឡដ្ឋាន King Power Stadium ក្នុងប្រទេសអង់គ្លេស ក្នុងនោះក៏មានបុគ្គលិករបស់លោកចំនួន ២នាក់ និងពីឡុតម្នាក់ រួមទាំងអ្នកដំណើរម្នាក់ ត្រូវបានបាត់បង់ជីវិតផងដែរ ។ ក៏ប៉ុន្តែមូលហេតុធ្លាក់យន្ដហោះនេះ មិនទាន់ត្រូវបានទម្លាយឲ្យដឹងនោះទេ ខណៈអាជ្ញាធអះអាងថា អាចត្រូវចំណាយពេលជាច្រើនថ្ងៃ ដើម្បីបញ្ចប់ការស៊ើបអង្កេត៕