(ភ្នំពេញ)៖ ពិតជាដំណឹងមួយ ដ៏គួរឲ្យភ្ញាក់ផ្អើល សម្រាប់អ្នកគាំទ្រ ក៏ដូចជាមហាជនទូទៅ នៅពេលបានឃើញ និងឮដំណឹងថា អតីតតារាសម្ដែងធ្លាប់មានឈ្មោះល្បី និងជាអតីតគូស្នេហ៍របស់លោក ស៊ុក សុភា គឺអ្នកនាង ខៀវ សុខារ៉ាវី បានប្រកាសជាសាធារណៈថា ទីបំផុតនាងបានសម្រេចបំណងរៀបការ ជាមួយគួស្នេហ៍​ ខណៈដែលជីវិតឯកជនរបស់នាង តាំងពីឃ្លាតឆ្ងាយពីការងារសិល្បៈ​មក គឺពុំដែលបានបង្ហាញឲ្យមហាជនដឹង ជាចំហរឡើយ ពោលគឺស្ថិតក្នុងស្ថានភាពអាថ៌កំបាំងជានិច្ច។

ជាការកត់សម្គាល់ និងតាមរយៈបណ្ដាញសារព័ត៌មាននានា ដែលបានតាមដាន ពីជីវិតរបស់អតីតតារាសម្ដែងរូបនេះ ត្រូវបានទម្លាយជាបន្តបន្ទាប់ថា បន្ទាប់ពី ខៀវ សុខារ៉ាវី បានសម្រេចចិត្ត ដើរចេញពីជីវិតរបស់លោក ស៊ុក សុភា មក នាងបានជួបប្រសព្វនឹងស្នេហា ជាមួយបុរសម្នាក់ មានឋានៈធំគ្រាន់បើ ពោលគឺមានផ្កាយពីរពាក់លើស្មាទៀតផង។ ចំណងស្នេហ៍បែបលាក់កំបាំងនោះ ត្រូវបានគេដឹងថា ទទួលបានចំណងដៃកូនប្រុសម្នាក់ គួរឲ្យស្រឡាញ់ និងបានរួមរស់នៅយ៉ាងមានក្ដីសុខ ក្នុងភូមិគ្រឹះមួយកន្លែង ​ក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយសង្វា។

ចាប់តាំងពីពេលនោះមក អ្នកដែលធ្លាប់ស្គាល់ ខៀវ សុខារ៉ាវី តែងតែបានឃើញវត្តមានរបស់នាង ក្នុងកម្មវិធីមិត្តភក្តិជាអ្នកសិល្បៈ និងការបង្ហាញមុខមាត់កូន តាមរយៈបណ្ដាញសង្គមជាហូរហែ ក្នុងសកម្មភាពដើរផ្សារ ឬតំបន់កម្សាន្ត ប្រកបដោយទឹកមុខញញឹមញញែម ​ដូចជាមានក្ដីសុខមែនទែន។ ប៉ុន្តែរយៈកាលប៉ុន្មានឆ្នាំចុងក្រោយនេះ សម្រាប់ ខៀវ សុខារ៉ាវី ហាក់បាត់វត្តមានសូន្យឈឹងតែម្ដង ទោះក្នុងបណ្ដាញសង្គម ក៏មិនសូវដែលបានឃើញ។

យ៉ាងណាមិញ នៅខណៈនេះ ខៀវ សុខារ៉ាវី បានធ្វើឲ្យមានការចាប់អារម្មណ៏ជាថ្មី បន្ទាប់ពីនាងបានបង្ហោះរូបភាព អមដោយពាក្យមួយឃ្លាថា «ទីបំផុត ពួកយើងក៏បានរៀបការជាមួយគ្នា» ក្នុងនោះក៏មានភ្ជាប់ ជាមួយនឹងរូបភាពបឺតមាត់ជាមួយនឹងបុរសម្នាក់ ប្រកបដោយភាពស្និទ្ធស្នាល ជាទីបំផុត។

ការទម្លាយសារ ដ៏មានអត្ថន័យបែបនេះ ត្រូវបានមហាជនសន្និដ្ឋានថា បំណងប្រាថ្នា​របស់ ខៀវ សុខារ៉ាវី ដែលបានប៉ងចង់រៀបការអស់រយៈពេល ជាច្រើនឆ្នាំមកហើយនោះ ទើបតែបានសម្រេចនៅពេលនេះ ​ខណៈដែលនាងបានរកឃើញបុរសម្នាក់ អាចផ្ញើជោគវាសនារបស់ខ្លួនបាន ទៅថ្ងៃអនាគត ពោលគឺមិនដូចចំណងស្នេហ៍ បែបភ្លើងចំបើង កាលពីលើកមុន នោះឡើយ។

សូមបញ្ជាក់ថា ខៀវ សុខារ៉ាវី គឺជាអតីតតារាសម្ដែង ដ៏មានប្រជាប្រិយភាពក្នុងពិភពសិល្បៈ ហើយត្រូវបានមហាជនទទួលស្គាល់ នូវទេពកោសល្យនៃការសម្ដែងរបស់នាង ប៉ុន្តែព្រោះតែជីវិតឯកជន បានតម្រូវឲ្យ ខៀវ សុខារ៉ាវី ឃ្លាតឆ្ងាយពីវិស័យសិល្បៈ ស្ទើរតែហៅលែងឮ រហូតមកដល់សព្វថ្ងៃនេះ៕