(ភ្នំពេញ)៖ ការប្រកួតកីឡាអេឡិចត្រូនិក ជ្រើសរើសជើងឯក Dew Gaming Doto 2 Championship 2018 បានរកឃើញក្រុមជើងឯកប្រចាំឆ្នាំហើយ គឺបានទៅក្រុម Intelligent Quotient (IQ) បន្ទាប់ពីយកឈ្នះក្រុម The Horde ដោយលទ្ធផល ៣-០ ក្នុងជំនួបវគ្គផ្ដាច់ព្រ័ត្រ ចំពោះមុខអ្នកគាំទ្រខ្ទង់ពាន់នាក់ នៅផ្សារទំនើបអ៊ីអន-សែនសុខ កាលពីយប់មិញ។

សម្រាប់ពានរង្វាន់កម្រិតថ្នាក់ជាតិនេះ គឺបានបែងចែកការប្រកួតជា ២វគ្គ ដោយវគ្គទី១ បានធ្វើការប្រកួតតាំងពីខែឧសភាមកម្ល៉េះ ដោយមាន ៣២ក្រុមចូលរួម បន្ទាប់មកជម្រុះបានក្រុមជើងខ្លាំង ៨ក្រុមឡើងមកប្រកួតជុំផ្ដាច់ព្រ័ត្រ ឬវគ្គទី២ កាលពីថ្ងៃទី២៨ ខែតុលា រួមមានក្រុម IQ, The Horde, The Bling Empire, Lung Vek, Glory 5, Satanic Cyber, Great Seven និងក្រុម My Heaven។

ជាលទ្ធផល IQ បានបង្ហាញនូវការលេង និងការសហការជាក្រុមបានយ៉ាងល្អ ដោយបានទម្លាក់គូប្រជែងជាបន្ដបន្ទាប់ រហូតបានឡើងវគ្គផ្ដាច់ព្រ័ត្រ និងយកឈ្នះក្រុម The Horde ៣-០ ដើម្បីលើកពានតែម្ដង។ នេះមិនមែនជាលើកទី១ នោះទេ ដែលក្រុម IQ បានលើកពានថ្នាក់ជាតិ ពោលគឺពួកគេធ្លាប់បានផ្ដួលជើងខ្លាំងលើកពានជាច្រើនមកហើយ រហូតបានក្លាយជាក្រុមតំណាងកម្ពុជា ទៅប្រកួតលើឆាកអន្ដរជាតិស្ទើរាប់ភ្លេចទៀតផង។

លោក លន់ សាមឌី អគ្គលេខាធិការនៃសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជាបានបញ្ជាក់ថា ក្រោយដណ្ដើមបានជើងឯក Dew Gaming Doto 2 Championship 2018 តាមគម្រោងដ៏ច្បាស់ការ នៅពាក់កណ្ដាលខែធ្នូ ឆ្នាំ២០១៨ ខាងមុខ ក្រុម IQ នឹងត្រូវចូលរួមប្រកួតក្នុងពានរង្វាន់អន្ដរជាតិមួយនៅប្រទេសម៉ាឡេស៊ី ក្នុងនាមតំណាងប្រទេសកម្ពុជា។ ហេតុនេះ លោកបានជំរុញដល់សមាជិកក្រុម IQ ត្រូវបង្កើនការហ្វឹកហាត់ និងពង្រឹងសមត្ថភាពឲ្យបានខ្លាំង ដើម្បីប្រកួតប្រជែងដណ្ដើមជយលាភីជូនជាតិក្នុងព្រឹត្តិការណ៍អន្ដរជាតិខាងលើ។

គួរបញ្ជាក់ថា ក្រោយបញ្ចប់ការប្រកួត សម្រាប់ក្រុមជយលាភីជើងឯក គឺក្រុម IQ ទទួលបានប្រាក់រង្វាន់ ៥,០០០ដុល្លារ, ក្រុមជើងឯករង The Horde ទទួលបាន ៣,០០០ដុល្លារ និងក្រុមចំណាត់ថ្នាក់លេខ៣ បានទៅក្រុម Glory 5 ទទួលបាន ១,៥០០ដុល្លារ។ លើសពីនេះ ក្រុមចំណាត់ថ្នាក់លេខ៤ ដល់លេខ៨ ក៏ទទួលបានប្រាក់រង្វាន់លើកទឹកចិត្តផងដែរ៕