(ភ្នំពេញ)៖ តារាចម្រៀង អ្នកនាង មាស សុខសោភា ត្រូវបានមហាជនដឹងថា កំពុងតែបង្ហាញវត្តមានច្រៀងរាំ យ៉ាងសប្បាយក្រៃលែង នៅតាមបណ្ដាប្រទេស ក្នុងតំបន់អឺរ៉ុប មានដូចជា អាមេរិក បារាំង កាណាដា ប៊ែលហ្សិក ជាមួយនឹងតារាចម្រៀងសំនៀងស្អក គឺលោក ខេម រយៈពេលប្រមាណជា៣ខែ​។ យ៉ាងណាមិញ ទោះបីជា មាស សុខសោភា បានចាកឆ្ងាយពីប្រទេសកំណើត ក្នុងកិច្ចការងារសិល្បៈក្ដី ប៉ុន្តែនាងនៅតែមានភាពកក់ក្ដៅ ខណៈដែលមានអង្គរក្សពិសេសម្នាក់ គឺប្ដីឥតខាន់ស្លារបស់នាង តាមមើលថែជាប់ជានិច្ច មិនឲ្យរបូតពីក្រសែភ្នែកឡើយ។

​សម្រាប់តារាចម្រៀង មាស សុខសោភា ត្រូវបានគេដឹងថា នាងមានការគាំទ្រច្រើនណាស់នៅក្រៅស្រុក ប៉ុន្តែអ្នកចម្រៀងល្បីឈ្មោះរូបនេះ មិនត្រូវបានអាណិកជននៅបរទេស​ តាមចែចង់សុំស្នេហ៍ ឬចូលកៀកកិត ដើម្បីនែបនិត្យ​ដូចតារាល្បីមួយចំនួននោះទេ ព្រោះថា សោភា បានយកអង្គរក្សពិសេសទៅតាមការពារ​ ពោលគឺអាណិកជនខ្មែរ នៅកាដាណា​លោកគ្រូពេទ្យ អ៊ឹត រ៉ាដា ដែលតាមនាងគ្រប់ជំហានទាំងអស់ ទើបធ្វើឲ្យអាណិកជនទាំងនោះ មិនហ៊ានចូលក្បែរ។

មាស សុខសោភា ដែលបានច្រៀងក្នុងស្រុក​ពេញ១រដូវក្ដៅ ហើយចេញទៅរកលុយនៅក្រៅស្រុក ៣ខែទៀតនោះ ក្រៅពីប្រមូលបានលុយទាំងដុំៗនោះ នាងក៏បានរឹតចំណងស្នេហ៍ ជាមួយលោក រ៉ាដា លើទឹកដីអឺរ៉ុបនោះបន្ថែមទៀត ហើយចំណងស្នេហារបស់នាង នៅពេលនេះ គឺមានភាពផ្អែមល្ហែម​ទ្វេដង។

អ្នកនាង មាស សុខសោភា បានជ្រើសស្នេហ៍ «ជួញឆ្ងាយប្រសើរជាងជួញជិត» ​ដោយមិនចាប់អារម្មណ៍ការសុំស្នេហ៍ពីមន្រ្ដីធំៗ ក្នុងស្រុកនោះទេ សុខចិត្តផ្ញើបេះដូងជាមួយគ្រូពេទ្យកាដាណា លោក រ៉ាដា ដោយរួមរស់ក្រោមដំបូលតែមួយ​ ១១ឆ្នាំ ទាំងមិនទាន់មានខាន់ស្លា។ ប៉ុន្ដែតារាចម្រៀងប្រចាំផលិតកម្ម ថោន និង Camtrax រូបនេះអះអាងថា នាងអាចដឹកដៃគូស្នេហ៍ចូលរោងការ នៅ២ឬ៣ឆ្នាំ​ខាងមុខនេះ។

សូមបញ្ជាក់ថា តាមរយៈរូបភាពដែល មាស សុខសោភា​ ច្រៀង និងសម្ដែងនៅអឺរ៉ុបនោះ មានអាណិកជនខ្មែរ ទៅគាំទ្រអ្នកចម្រៀងរូបនេះច្រើន ដោយទិញសំបុត្រចូលទស្សនា ពេញសាលទៀតផង ខណៈដែលមានដំណឹងថា សោភា ត្រូវប៉ាន់កើបលុយនៅក្រៅស្រុកនេះ ហួសការរំពឹងទុក ព្រោះចំនួនអ្នកចូលទស្សនាកាន់តែច្រើន ធ្វើឲ្យនាងរកលុយបានកាន់តែច្រើនដែរ ដោយសារតែនាងបានចែកប្រាក់ ពាក់កណ្ដាលម្នាក់ជាមួយខាងម្ចាស់ Sponsor ខុសពីតារាមួយចំនួនទៀត ដែលយកប្រាក់ខែពីអ្នកធានាទៅច្រៀង៕